ល្បែងស៊ីសងរីកដូចផ្សិតនៅស្រុកមួយចំនួនក្នុងខេត្តកំពត សមត្ថកិច្ច​មិន​បង្ក្រាប

កំពតៈតាមប្រភពព័ត៌មានពីវេបសាយក្នុងស្រុកមួយបានឲ្យដឹងថា  ល្បែងស៊ីសងរីកដូចផ្សិត សមត្ថកិច្ច​មិន​បង្ក្រាប ​ប្រជាពលរដ្ឋនៅ​ស្រុកកំពង់ត្រាច ខេត្តកំពត បាន​អំពាវនាវ​ឲ្យ​ស្នងការ​នគរបាល​ខេត្តកំពត លោក ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង ​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​ផង។

ប្រជាពលរដ្ឋ​ បាន​ឲ្យ​ដឹង​ទៀតថា នៅក្នុង​មូលដ្ឋាន​របស់​ពួកគាត់ មាន​ល្បែងស៊ីសងជាច្រើន​ប្រភេទ ​ដូចជា បញ្ជល់មាន់ បៀ​អាប៉ោង និង​យូគី​ជាដើម ត្រូវបាន​គេ​បើកលេង​យ៉ាងពេញបន្ទុក​ ហើយ​មន្ត្រី​អាជ្ញាធរ​ឃុំ នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​ ក៏ដូចជា​អធិការនគរបាល​ស្រុកកំពង់ត្រាច មិនបាន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ឡើយ​។ ប្រការនេះ ​កំពុង​នាំ​ឲ្យ​កើតមាន​បទល្មើស​ផ្សេងៗ ​គួរ​ឲ្យ​ព្រួយបារម្ភ ​ដូចជា អំពើចោរកម្ម អំពើហិង្សា​ក្នុង​គ្រួសារ ព្រោះ​ពលរដ្ឋ​ខ្លះ​ ចាញ់​អស់​លុយកាក់​ ទ្រព្យសម្បត្តិ ដីធ្លី​ផ្ទះសម្បែង ដោយសារតែ​ល្បែងស៊ីសង ​នៅក្នុង​ស្រុកំពង់ត្រាចនេះ។

សេចក្ដីរាយការណ៍​ ពី​ប្រជាពលរដ្ឋ​នៅ​ជុំវិញផ្សារកំពង់ត្រាច បាន​ឲ្យ​ដឹងថា  មួយ​រយៈពេល​កន្លងមក​នេះ ​សង្វៀន​បញ្ជល់មាន់​មួយកន្លែង ​ត្រូវបាន​គេ​បើក​លេង​យ៉ាង​ពេញបន្ទុក ហើយ​មិនទាន់​ឃើញ​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ណា​  ចាត់វិធានការ​ទប់ស្កាត់​ទេ​។

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ​ទីតាំង​សង្វៀន​បញ្ជល់មាន់​នោះ ​មាន​បង្កប់​ល្បែង​អាប៉ោង និង​កន្ទុយលេខ យ៉ាង​អនាធិបតេយ្យ ​ហើយ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន  និង​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​ ទំនងជា​ទទួលបាន​ផលប្រយោជន៍ ទើប​មិន​ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង ​ដើម្បី​ឲ្យ​ស្របតាម​គោលនយោបាយ​ភូមិ​-​ឃុំ​ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​។

ប្រជាពលរដ្ឋ​ បានសម្ដែង​ក្ដី​ព្រួយបារម្ភ​យ៉ាងខ្លាំង ​ក្រោយពេល​ល្បែងស៊ីសង​ ត្រូវបាន​គេ​បង្កើតឡើង ​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់ ព្រោះ​មួយរយៈ​កន្លងទៅនេះ ​អំពើចោរកម្ម​ បានកើត​ឡើង​ជា​បន្តបន្ទាប់​។

​ប្រជាពលរដ្ឋ​ ក្នុងស្រុកកំពង់ត្រាច បាន​អំពាវនាវ​ឲ្យ​លោក ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការនគរបាល​ខេត្តកំពត ក៏ដូចជា ​លោក ចាន់ ចេស្ដា អភិបាល​ខេត្តកំពត ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង ​ក្នុង​មូលដ្ឋានពួកគាត់​ផង ដើម្បី​ពង្រឹង​សន្តិសុខ​ សង្គម​។

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ម្ចាស់​បើក​​ល្បែងស៊ីសង មេកន្ទុយលេខ មានទី១ឈ្មោះ ពូ ហ៑ ហៅឪអាយោង ទី២ លោកគ្រូ ងន លី ទី៣ ម៉ែ អាញ្ញា នៅខាងជើងរោងការហ្វេ លោកពូ ហ៑ និងទី៤ពូប្រុស ថ្នល់បែក ​​ដែលទំនងមានអ្នក​កាង​ហើយ ទើប​មន្ត្រី​អាជ្ញាធរ ​និង​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន ​មិន​ហ៊ាន​ប៉ះពាល់​ ក្រុម​អ្នកបើក​ល្បែងស៊ីសង​ ខុសច្បាប់​ទាំងនេះ​ ព្រោះ​ខ្លាច​បាត់បង់​ផលប្រយោជន៍​។ ដូច្នេះ​មានតែ​លោក ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្ត និង លោក ចាន់ ចេស្ដា អភិបាល​ខេត្តកំពតប៉ុណ្ណោះ​ ដែល​អាច​បង្ក្រាប​ល្បែងស៊ីសង​ក្នុង​ស្រុកកំពង់ត្រាចនេះ៕ សម្បត្តិ

Leave a Reply

Your email address will not be published. Required fields are marked *