ពិតជាមិនរាងចាលមែននាំគ្នាបាញ់អាប៉ោងត្រូវ​កម្លាំង​នគរ​បាល​ចាប់ខ្លួនបាន២នាក់រត់គេចរួចមួយចំនួននៅទីតាំងដដែលៗក្នុង​ខណ្ឌ​សែនសុខ​

 

 

 

 

 

 

 

ភ្នំពេញ៖ ក្រុមអ្នកញៀនលេងល្បែងស៊ីសងបាញ់អាប៉ោងប្រុសស្រី ចំនួន២នាក់ត្រូវបាននគរបាល ប៉ុស្តិ៍ទឹកថ្លាចាប់ខ្លួនជាក់ស្តែង​ ខណៈដែលពួកគេកំពុងជួបជុំគ្នាបាញ់អាប៉ោងភ្នាល់ដាក់លុយខុសច្បាប់។​ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាលពីវេលាម៉ោង៨យប់ថ្ងៃទី១៨ខែកក្កដា ឆ្នាំ២០១៧នៅចំណុចមុខបន្ទប់ផ្ទះជួលមួយកន្លែងស្ថិតក្នុងភូមិស្លែងរលើងសង្កាត់ទឹកថ្លា​ខណ្ឌ​សែនសុខ​។

ទីតាំងលេងល្បែងស៊ីសងខាងលើត្រូវបាន​កម្លាំង​នគរ​បាល​ខណ្ឌ​ធ្លាប់បង្ក្រាបច្រើនដង​មកហើយប៉ុន្តែពួកគេមិនរាងចាលសោះ ដែលបញ្ហានេះត្រូវបានមហាជនរិះគន់ថា តុលាការ​និង​នគរ​បាល​ចាប់ទៅដោះលែងយកតែលុយ ទើបធ្វើអោយអ្នកញៀនល្បែងទាំងនោះមិនសូវខ្លាចច្បាប់ ។

ទោះបី​រាជ​រដ្ឋាភិបាលបានប្រកាសហាមឃាត់ទូទាំងប្រទេស មិនអោយលេងល្បែងស៊ីសងគ្រប់ប្រភេទ មានដូចជា ប៊ៀរ អាប៉ោង កន្ទុយលេខ បាល់ ជល់មាន់ ជាដើម….ល….​ដែល​គេ​ចាត់ទុកថា វាជាអំពើខុសច្បាប់អ្នកលេងត្រូវមានទោស ដោយពន្យល់ពីហេតុផលថា អ្នកដែលចាញ់ល្បែងស៊ីសង ភាគច្រើនបានក្លាយខ្លួនទៅជាជនល្មើស ធ្វើជាចោរលួច ឆក់ ប្លន់ និងឆបោកទ្រព្យសម្បត្តិគេ ឬប្រើអំពើហឹង្សាគ្រួសារ​ជា​ដើម​។

ជនដែលត្រូវបានឃាត់ខ្លួនក្នុងករណីនេះ ១/ឈ្មោះ ម៉ែន តូច ហៅស្វិត ភេទប្រុសអាយុ៣៥ឆ្នាំ មុខរបកម្មករសំណង់ ស្នាក់នៅផ្ទះជួលបន្ទប់លេខ៨ ភូមិស្លែងរលើងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខនិង​ ២/ ឈ្មោះ ម៉ៅ ដា ភេទស្រី អាយុ៤៨ឆ្នាំ គ្មានមុខរបរ ស្នាក់នៅផ្ទះជួលបន្ទប់លេខ៧ ត្រង់ចំណុចផ្ទះកើតហេតុចាប់ខ្លួន។

តាម​ប្រភព​ព៌ត៌​មាន​ពី​កម្លាំង​នគរ​បាល​ខណ្ឌ​សែនសុខ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​អោយ​ដឹង​ថា​ នៅវេលាម៉ោងប្រហែលម៉ោង៨យប់ថ្ងៃទី១៨ ខែកក្កដានេះ កម្លាំងនគរបាលបានជិះម៉ូតូយាមល្បាតក្នុងមូលដ្ឋានបានប្រទះឃើញហ្វូងមនុស្សមួយក្រុមកំពុងអង្គុយជុំគ្នា ពេលទៅត្រួតពិនិត្យប្រទះឃើញពួកគេកំពុងតែអង្គុយបាញ់អាប៉ោង ភ្នាល់ដាក់លុយ ទើបឃាត់ខ្លួនបាន២នាក់ ឯមួយចំនួនទៀតបានរត់គេចខ្លួនអស់។​បន្ទាប់​មក​កម្លាំង​នគរ​បាល​បានដកហូតយកមេអាប៉ោងមួយឈុត និងលុយជាង១០ម៉ឺនរៀល ជាវត្ថុតាងប្រព្រឹត្តបទល្មើស នាំយកមកឃុំខ្លួនសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ​ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​​៕​វាសនា​សែន​ជ័យ​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *