

ភ្នំពេញ៖នាយកសាលាបឋមសិក្សាវាលស្បូវម្នាក់ត្រូវកម្លាំងនគរបាលខណ្ឌច្បារអំពៅចាប់ឃាត់ខ្លួនខណៈដែលលួចបន្លំយកដៃទៅបៀតបៀនកេរ្តិ៍ខ្មាស់លើកុមាក្រោមអាយុ១៥ឆ្នាំ។ហេតុការណ៍ប្រព្រឹត្តនេះធ្វើឡើងកាលពីថ្ងៃទី១៩ខែកក្កដាឆ្នាំ ២០១៧វេលាម៉ោង១០និង០០នាទីព្រឹកនៅទីចាត់ការសាលាបឋមសិក្សាវាលស្បូវក្នុងភូមិស្វាយតាអុកសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។
កុមារីរងគ្រោះឈ្មោះ ស.ប.ស.ន អាយុ១៤ឆ្នាំជនជាតិខ្មែរមុខរបរសិស្ស ស្នាក់នៅអង្គការសមាគមន៍ទឹកដីសន្យា ក្នុងភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។ចំណែកឯជនសង្ស័យឈ្មោះឡុង សុខ ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរ នាយករងសាលាបឋមសិក្សាវាលស្បូវ ស្នាក់នៅភូមិ ក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។
តាមសម្តីរៀបរាប់របស់កុមារីរងគ្រោះបានអោយដឹងថា នៅមុនពេលកើតហេតុកាលពីថ្ងៃទី១៩ខែកក្កដាឆ្នាំ២០១៧វេលាម៉ោង១០និង០០នាទីព្រឹក ខ្លួននិងមិត្តភក្តិ នាំគ្នាទៅលេងក្នុងទីចាត់ការរបស់ជនសង្ស័យ។ ពេលនោះជនសង្ស័យបានប្រលែងលេងជាមួយកុមារី រងគ្រោះនិងមិត្តភក្តិ បន្ទាប់មកមិត្តភក្តិខ្លួនបានចេញទៅលេងខាងក្រៅស្រាប់តែជនសង្ស័យបន្លំចាប់ច្របាច់ដោះរបស់ខ្លួន ហើយខ្លួនបានទៅកន្លែងស្នាក់នៅវិញក៏ប្រាប់អ្នកមើលថែអង្គការសមាគមន៍ទឹកដីសន្យា។លុះដល់ថ្ងៃទី២០ខែកក្កដាឆ្នាំ២០១៧វេលាម៉ោង១៧និង០០នាទីល្ងាចប្រធានអង្គការបាននាំខ្លួនមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលមូលដ្ឋាន។
ក្រោយពីទទួលពាក្យបណ្តឹងភ្លាមៗកម្លាំងនគរបាលមូលដ្ឋានចុះទៅឃាត់ខ្លួនជនសង្ស័យនៅមុខផ្ទះ បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅចាត់ការតាមច្បាប់។
បច្ចុប្បន្ននេះជនសង្ស័យត្រូវបានកម្លាំងនគរបាលខណ្ឌច្បារអំពៅឃាត់ខ្លួនបណ្ដោះអាសន្នដើម្បីសាកសួរព្រមទាំងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕សារ៉េត