ភ្នំពេញ៖កំពូលអ្នកជួញដូរគ្រឿងញៀនវ័យក្មេងម្នាក់ ខណៈដែលជិះកង់លក់ថ្នាំ ក៏ត្រូវកម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យល្បាតការពារក្នុងមូលដ្ធាន ធ្វើការឃាត់ខ្លួនដកហូតថ្នាំញៀនប្រភេទម៉ាទឹកកចំនួន៦កញ្ចប់ថង់តូច។ហេតុការណ៍បង្ក្រាបនេះធ្វើឡើងកាលពីវេលា
ម៉ោង១២និង២០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២៦ខែឆ្នាំ២០១៧ស្ថិតនៅចំណុចផ្លូវលំ ភូមិថ្មគោល១ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យឈ្មោះ ម៉ន សុភា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិថ្មគោល១សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព៌ត៌មានពីកម្លាំងនគរបាលអន្តរាគមន៍ម្នាក់សុំមិនបញ្ចេញឈ្មោះបានអោយដឹងថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យបានជិះម៉ូតូល្បាត ក្នុងភូមិស្រាស្ត ដើម្បីទប់ស្កាត់បទល្មើសកុំអោយកើតមានឡើង។លុះដល់ម៉ោងកើតហេតុចំណុចផ្លូវលំក្នុងភូមិថ្មគោល១សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យក៏ប្រទះឃើញជនសង្ស័យឈ្មោះ ម៉ន សុភា កំពុងជិះកង់ខណៈនោះកម្លាំងនគរបាលអន្តរាគមន៍ជិះម៉ូតូជិតដល់ បានហៅឃាត់សួរនាំ ស្រាប់តែជនសង្ស័យ ផ្តួលកង់ចោលរត់ តែត្រូវកម្លាំងនគរបាលដេញឃាត់បាន ក៏ធ្វើការឆែកឆេរនៅលើដងខ្លួន រកឃើញហោប៉ៅខាងស្តាំចំនួន៦កញ្ចប់ថង់តូច។ក្រោយមកកម្លាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យរួមជាមួយវត្ថុតាងនាំមកកាន់ផ្នែកជំនាញដើម្បីសាកសួរតែម្តង។
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងបញ្ចូនមកសាកសួរនិងឃុំខ្លួនបណ្តោះអាសន្ននៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីបន្តអនុវត្តតាមនិតិវិធី៕សារ៉េត