បោកម៉ូតូ​បានហើយ ល្បួង​ប្រពន្ធមិត្តភក្តិ​​ចូល​ផ្ទះសំណាក់​​ទៀត មានអីជាប់អន្ទាក់នគរបាលល្មម!

0
168

ភ្នំពេញ ៖ ពិតជាមិនធម្មតាដែលយុវជន​ម្នាក់​ឆបោក​ម៉ូតូ​មិត្តភក្តិ​បានម៉ូតូមួយគ្រឿងជាងមួយ​ខែមកហើយមិនអស់ចិត្តថែម​ទាំង​ប្រើ​ឆាត​តាម​ហ្វេ​ស​ប៊ុ​ក​ល្បួងលួងលោម​ប្រពន្ធមិត្តភក្តិ​ជាម្ចាស់ម៉ូតូនោះឡើងផ្ទះ​សំណាក់​រួម​ភេទ​ទៀត តែ​ទីបំផុត​ត្រូវ​ជាប់អន្ទាក់សមត្ថកិច្ច ​ចាប់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​២៣ កក្កដា ២០១៧ ស្ថិត​នៅ​មុខ​ផ្សា​រកា​ណា​ស៊ី​ធី ភូមិ​ចោម​ចៅ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ​ឈ្មោះ មឿ​ន សុខ​ណា  ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​កម្មករ​ជាងដែក នៅ​ភូមិ​ដូង ឃុំ​បឹង​រាំង ស្រុក​កំ​រៀង ខេត្តបាត់ដំបង ។ ចំណែក​ជន​រង​គ្រោះ ឈ្មោះ ធា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​ម៉ូតូឌុប ស្នាក់​ភូមិ​ដូង ឃុំ​បឹង​រាំង ស្រុក​កំ​រៀង ខេត្តបាត់ដំបង ត្រូវជា​មិត្តភក្តិ​របស់​ជនសង្ស័យដែលមាន ប្រពន្ធ​ឈ្មោះស្រី​ដែន អាយុ​២០​ឆ្នាំ ។  ដោយឡែក​ម៉ូតូ​ដែល​មិត្តភក្តិ​យក​ទៅ​បាត់​ម៉ាក ហុងដា សេ​១២៥ ស៊េរី​២០១៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ប៉ៃលិន 1A-9744 ។ ជនសង្ស័យរូបនេះក្រោយពីឆបោកមូតូជនរងគ្រោះបានសម្រេចហើយនោះបាន​រត់គេច​ខ្លួន​ទៅសម្ងំ​លាក់ខ្លួននៅផ្ទះ​ជួលមួយកន្លែង តាម​ផ្លូវភ្នំពេញ-​ហាណូយ ក្នុងភូមិ​ដី​ថ្មី សង្កាត់​គោក​ឃ្លៀង ខណ្ឌ​សែន​សុខ។

ទាក់ទិនរឿងរ៉ាវខាងលើនេះ ​ជន​រង​គ្រោះបាន​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា រូបគេ​និង​ជនសង្ស័យ​ជា​មិត្តភក្តិ​ចិត្ត​មួយ​ថ្លើម​មួយ គ្រា​ស្នាក់​នៅ​រកស៊ី​នៅ​ស្រុក​កំ​រៀង ខេត្តបាត់ដំបង ។លុះនៅ​វេលា​ម៉ោង​១២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៦ មិថុនា ២០១៧ ជនសង្ស័យ​បាន​ខ្ចី​ម៉ូតូ​ជិះ​មួយ​ភ្លែតគាត់យល់ព្រមឲ្យ តែបែរជា​យក​ទៅ​បាត់រហូត ទើបគាត់បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​អធិការដ្ឋាន​ស្រុក​កំ​រៀង​ហើយ​ដែរ។ ចាប់ពីពេលនោះរហូតមកគាត់បាន​ដើរ​ស្វែងរកជន​សង្ស័យ​គ្រប់កន្លែងគ្រាដែលជននេះបិទលេខទូរស័ព្ទមិនឲ្យទូរស័ព្ទចូល​ហើយក៏​នៅ​តែ​រកមិនឃើញឡើយ។លុះទើបតែ​មួយ​រយៈ​ចុង​ក្រោយ​នេះ ប្រពន្ធ​របស់​គាត់ ឈ្មោះ​ ស្រី​ដែន ដឹងថាជនសង្ស័យនិយមលេងហ្វេសប៊ុកក៏ប្រើ​ល្បិច​បង្កើតគណនី​ហ្វេ​ស​ប៊ុ​ក​ថ្មីមួយដើម្បី បន្លំ​ចូល​លេង​ឆាត​ជាមួយ​ហ្វេ​ស​ប៊ុ​ក​របស់​ជនសង្ស័យ ។

ជន​រង​គ្រោះបន្តថា ទោះបីជា​ស្គាល់​ស្ត្រី​ខាងលើ​ថាជា​ប្រពន្ធ​របស់​មិត្តភក្តិ​ក៏​ដោយ ក៏​ជនសង្ស័យរូបនេះនៅតែបំពាន ​លេង​ឆាត សុំ​ស្រឡាញ់​​ប្រពន្ធ​របស់គាត់អត់អៀនខ្មាសរហូត​ដល់​គាត់ទ្រាំលែងបានក៏​រៀប​អន្ទាក់ឲ្យប្រពន្ធប្រើ​ល្បិច​ធ្វើ​ជា​បាក់ចិត្ត​ស្រឡាញ់ជនសង្ស័យហើយ អន្ទង​ចិត្ត​គេ​ឲ្យ​ស្លុង​លង់សម្តីនឹងប្រពន្ធរួចណាត់​ជួប​គ្នា​នៅ​មុខ​ផ្សា​រកា​ណា​ស៊ី​ធី នា​ព្រឹក ថ្ងៃ​ទី​២៣ កក្កដាឆ្នាំ២០១៧គ្រាដែល​ជនសង្ស័យប្រាប់​ថានឹងនាំ​ប្រពន្ធ​របស់​គាត់ទៅ​រួម​ភេទ​នៅផ្ទះ​សំណាក់​មួយ​កន្លែង។​យ៉ាងណារូបគាត់ជាប្តីបានទៅប្តឹងនគរបាល រដ្ខបាលចោមចៅហើយជាស្រេចលុះជនសង្ស័យបានមកតាមការ​ណាត់ជួបក៏ត្រូវចាប់ខ្លួន​ជាប់​បញ្ជូន​ទៅ​ប៉ុស្តិ៍​នគរបាលរដ្ឋបាលចោម​ចៅតែ​ម្តង ។

ក្រោយពេលឃាត់ខ្លួនជនកំហូចនេះបាន ជននេះសារភាព​ថា ម៉ូតូដែល​ឆបោកពីជនរងគ្រោះត្រូវជាមិត្តភក្តិចិត្តមួយថ្លើមមួយ ខ្លួនគេ ជិះ​មក​ដល់​ខេត្តពោធិ៍សាត់ក៍ ដាក់បញ្ចាំ​បាន​លុយ​៦០​ម៉ឺន​រៀល រួច​បន្តដំណើរ​បង្ហួស​មក​ទីក្រុង​ភ្នំពេញ សម្ងំ​លាក់ខ្លួន​នៅ ខណ្ឌ​សែន​សុខតែម្តង។ចំពោះការ​លេង​ហ្វេ​ស​ប៊ុ​ក​ជាមួយ​ប្រពន្ធ​ជន​រង​គ្រោះ​នោះ ខ្លួន​មាន​ចេតនាព្យាយាម​លួងលោម​សុំ​ស្នេហ៍ និង​បបួល​ទៅ​រួម​ភេទ​នៅផ្ទះ​សំណាក់​ពិតប្រាកដ​មែនព្រោះខ្លួនលួចស្រលាញ់តាំងពីនៅបាត់ដំបងមកម្ល៉េះ  ។

ចំណែកមន្ត្រី​នគរបាល​ប៉ុស្តិ៍​ចោម​ចៅវិញ​បាន​និយាយ​ថា រឿងរ៉ាវ​ខាងលើនេះ សមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យបានទាក់ទងទៅកាន់​នគរបាល​ស្រុក​កំ​រៀង ខេត្តបាត់ដំបងមក​ទទួលយក​ជនសង្ស័យ ទៅ​សាកសួរ​នៅ​ខាង​ខេត្តបាត់ដំបង​វិញ ព្រោះកើតហេតុនៅទីនោះ ៕ អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here