ភ្នំពេញ ៖ ជនសង្ស័យម្នាក់ដើរតាមផ្លូវមកពីយកថ្នាំញៀនពីមេមកចែកចាយបន្តអោយអតិថិជនត្រូវកម្លាំងអន្តរាគមន៍ខណ្ឌពោធិសែនជ័យល្បាតការពារក្នុងមូលដ្ឋានឃើញសង្ស័យហៅសួរនាំ ស្រាប់តែជនសង្ស័យប្រឹងរត់ចូលសង្ងំក្នុងបន្ទប់ជួលគេតាមទាន់ឆែកឆេររកឃើញថ្នាំញៀនម៉ាទឹកកកចំនួនមួយកញ្ចប់ល្មមនៅក្នុងហោប៉ៅអាវ។ហេតុការណ៍ឃាត់ខ្លួននេះនៅម៉ោង៩និង៤០នាទីយប់ថ្ងៃទី២៧ខែ កក្តដា ឆ្នាំ២០១៧ ចំណុចផ្លូវបេតុង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ ម៉ាប់ ម៉េត ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលម្តុំផ្ទះសំណាក់៣ដុល្លារ ស្ថិតភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។
តាមប្រភពព៌ត៌មានពីកម្លាំងនគរបាលអន្តរាគមន៍ដែលបានឃាត់ខ្លួនជនសង្ស័យបានអោយដឹងថា មុនពេលឃាត់ខ្លួនខាងលើកម្លាំងនគរបាលអន្តរាគមន៍នៃអធិការដ្ឋាននគរបាលខណ្ឌពោធិសែនជ័យបានជិះម៉ូតូល្បាត ក្នុងភូមិស្រាស្តដើម្បីទប់ស្កាត់បទល្មើសកុំអោយកើតមានឡើងនៅក្នុងមូលដ្ឋាន។លុះដល់ម៉ោងកើតហេតុចំណុចផ្លូវបេតុង ភូមិត្រពាំងថ្លឹងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យក៏ប្រទះឃើញជនសង្ស័យខាងលើកំពុងដើរតាមដងផ្លូវ ខណៈនោះកម្លាំងនគរបាលយើង ហៅអោយឈប់សួរនាំស្រាប់តែជនសង្ស័យរត់ចូលបន្ទប់ជួលគេ ទើបមានការសង្ស័យបានដេញតាមឃាត់បាននៅក្នុងបន្ទប់ ឆែកឆេរ ឃើញថ្នាំញៀនចំនួន១កញ្ចប់ល្មមនៅហោប៉ៅអាវខាងឆ្វេងរបស់ជនសង្ស័យ។
នៅវេលាម៉ោង១១និង១៥នៅថ្ងៃដដែលចំណុចផ្លូវវេងស្រេង មុខផ្សារកាណាស៊ីធី ភូមិចោមចៅ សង្កាត់ចោមចៅខណ្ឌពោសែនជ័យកម្លាំងនគរបាលបានល្បាតឃើញជនសង្ស័យ២នាក់ ជិះម៉ូតូម៉ាកហុងដាសេ១២៥សេរ៊ី២០០៨មួយគ្រឿងដោយមានការសង្ស័យ បានដេញឃាត់អោយឈប់ រួចបានធ្វើការឆែកឆេរនៅលើដងខ្លួន តែរកមិនឃើញព្រោះជនសង្ស័យបានបោះថ្នាំដែលលាក់ទុកក្នុងកញ្ចប់បារីនៅក្បែរម៉ូតូរបស់ពួកគេ។ក្រោយមកទើបឃើញថ្នាំញៀន
ម៉ាទឹកកកចំនួន១កញ្ចប់ធំល្មមនៅក្បែម៉ូតូរបស់ជនសង្ស័យ។បន្ទាប់មកកម្លាំងនគរបាលបានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ខាងលើរួមជាមួយវត្ថុតាងនាំមកកាន់ផ្នែកជំនាញដើម្បីសាកសួរតែម្តង។
តាមប្រភពដដែលបានបន្តទៀតថា ជនសង្ស័យ ទី១ ៖ ឈ្មោះប៊ុន សំណាង អាយុ២៤ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិច្រាំងបាក់ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅនិងទី២ឈ្មោះ ផាន់ ភា អាយុ ៣១ឆ្នាំ មុខរបរនេសាទ ស្នាក់នៅភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យមានស្រុកកំណើត នៅស្រុកពាមរិ៍ ខេត្តព្រៃវែង។
បច្ចុប្បន្ននេះជនសង្ស័យទាំង៣នាក់មាន២ករណីខាងលើត្រូវបានកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យបានកសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធី៕សារ៉េត