រថយន្តស៊េរីទំនើបម៉ាស្ដាបើកបុករះដើមឈើ៤ដើម ប៉ាណូ សំយ៉ាប់ផ្ទះពលរដ្ឋនិងបង្គោលភ្លើង១ដើមរងការខូចខាតយ៉ាងដំណំ

 

 

 

 
ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាបានបើករថយន្តម៉ាស្ដា ទៅបុករះដើមឈើ ប៉ាណូ សយ៉ាប់ផ្ទះនិងបង្គោលភ្លើងនៅលើចញ្ចើមផ្លូវបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ​តែ​សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវរលាម៉ោង១២និង៤០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ នៅខាងក្រោយវត្តអង្គតាមិញ តាមបណ្ដោយផ្លូវបេតុងអង្គតាមិញ ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​មានរថយន្តបង្កស៊េរីទំនើបម៉ាក ម៉ាស្ដា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AN-7332 បើកបរដោយបុរសម្នាក់ដែលស្រវឹងស្រាឡើងជោកជាំ ធ្វើដំណើតាមបណ្ដោយផ្លូវបេតុងអង្គតាមិញ ទិសដៅពីកើតមកលិច ក្នុងល្បឿនយ៉ាងលឿន ខណៈ​មកដល់ចំណុចផ្លូវកោងដែលជាកន្លែងកើតហេតុស្រាប់តែជ្រុលចង្កូតទៅបុករះ ដើមឈើអស់៤ដើម ប៉ាណូក្រុមហ៊ុនស្រាបៀរ​ហ្គ្រែន​ស្បើត​ចំនួន១ សំយ៉ាប់ផ្ទះប្រជាពលរដ្ឋចំនួន១ផ្ទាំង និងបុកបង្គោលភ្លើងរដ្ឋបាក់អស់១ដើមផងដែរ។ ហើយរថយន្តបង្កបានដាច់កាឡែកង់ក្រោយផ្នែកខាងស្ដាំទើបទៅមុខលេងរួច។ប៉ុន្តែ​សំណាង​ល្អ​មិន​គ្រោះថ្នាក់​ដល់​នរណាម្នាក់រងរបួសនោះទេ​គ្រាន់តែខូចខាតទ្រព្យសម្បត្តិប្រជាពលរដ្ឋនិងសម្បត្តិរដ្ឋតែប៉ុណ្ណោះ ។
ក្រោយពេលកើតហេតុ​នគរបាល​មូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុភ្លាមៗ តែមិនបានឃាត់អ្នកបើកបរនោះទេ ដោយបានត្រឹមតែទំនាក់ទំនងទៅជំនាញចរាចរណ៍ក្រុង ឲ្យចុះមកធ្វើការវាស់វែងស្ទួចរថយន្តបង្កខាងលើ យកទៅកាន់ការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញ រងចាំដោះស្រាយតាម​ផ្លូវ​ច្បាប់​៕​សារ៉េត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *