មានមនុស្សទៅចុចកណ្ដឹងនិងគោះទ្វារផ្ទះផ្អើលថាប៉ងចាប់ក្មេងនគរបាលចុះអន្តរាគមន៏ភ្លាមៗ

 

 

 

 

 
ភ្នំពេញ៖ មានហេតុការណ៍​ភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈម្ចាស់ផ្ទះល្វែង២នាក់ប្ដីប្រពន្ធ រាយការណ៍ប្រាប់នគរបាលខណ្ឌ​ពោធិ៍​សែនជ័យថា មានមនុស្សប្រុសម្នាក់បានទៅចុចកណ្ដឹងផងនិងគោះទ្វារផ្ទះរបស់គាត់ផង ក្នុងខណៈដែលពួកគាត់មិននៅ ជាប់រវល់ទៅលក់នំបុ័ងដាក់សាច់នៅតាមមុខរោងចក្រកាត់ដេរ ហើយបានទុកកូនតូចចំនួន៣នាក់នៅចាំផ្ទះ។បន្ទាប់ពីទទួលបានដំណឹងដ៏រសើប​ ស្របពេលមានពាក្យចចាមអារ៉ាម ថាមានមនុស្សចាប់ក្មេងវះយកក្រលៀនផងនោះ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ រួមជាមួយកម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅ បានចុះទៅកាន់ទីនោះភ្លាមៗ ប៉ុន្តែជនសង្ស័យបានគេចបាត់ទៅហើយ ដោយមិនទាន់ដឹងថា គេទៅគោះទ្វារផ្ទះនិងចុចកណ្ដឹងមានបំណងអ្វីនៅឡើយទេ។ហេតុការណ៍​នោះបានកើតឡើងកាលពីវេលាម៉ោង៣និង១៥នាទីរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ២៤ បុរីជីបម៉ុងស្ថិតនៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាម​ប្រភព​ព៌ត៌​មានពី​កម្លាំង​នគរបាលបានឲ្យដឹងថា ម្ចាស់ផ្ទះល្វែងមួយនោះត្រូវ​បានគេស្គាល់ ប្ដីឈ្មោះ គឹម សុប៊ែល អាយុ៣៣ឆ្នាំ និងប្រពន្ធឈ្មោះ គឹម សុភ័ណ្ឌ អាយុ៣២ឆ្នាំមានមុខរបរលក់នំបុ័ងដាក់សាច់ ។ចំណែកកូនរបស់គាត់ទាំងបីនាក់បងប្អូននោះ ១,ឈ្មោះ គឹម សុភក្រ័ ភេទប្រុសអាយុ១២ឆ្នាំ ២,ឈ្មោះគឹម សុខា ភេទស្រីអាយុ៩ឆ្នាំ និង៣,ឈ្មោះ គឹម សុផល ភេទប្រុសអាយុ៣ឆ្នាំ។
តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា​ នៅមុនពេលកើតហេតុពួកគាត់ បាននាំគ្នាទៅលក់នំបុ័ងដាក់សាច់នៅតាមមុខរោងចក្រ ដោយបានទុកឲ្យកូនប្រុសស្រីរបស់គាត់នៅចាំផ្ទះ ហើយពួកគេបានស្ថិតនៅតែក្នុងផ្ទះប៉ុណ្ណោះ ដោយបានបិទ្វារខ្ទាស់គន្លឹះពីខាងក្នុង។លុះដល់ពេលកើតហេតុ ស្រាប់តែមានបុរសអត្តសញ្ញាណម្នាក់បានទៅចុចកណ្ដឹងព្រមទាំងគោះទ្វារជាច្រើនដង ដែលជាហេតុបង្កឲ្យកូនៗរបស់គាត់មានការភិតភ័យយ៉ាងខ្លាំង ហើយពួកគេមិនបើកទ្វារនោះឡើយ។ពួកគេបាននាំគ្នាសម្ងំនៅក្នុងផ្ទះមិនហ៊ានឆ្លើយនោះទេ ក្រោយមកបានខលប្រាប់ពួកគាត់ទើបពួកគាត់ត្រឡប់ទៅផ្ទះវិញ និងបានសង្ស័យថាជននោះប៉ងចាប់កូនគាត់ ទើបរាយការណ៍​ជូននគរបាលឲ្យជួយអន្តរាគមន៍​ភ្លាមៗប៉ុន្តែ​កម្លាំង​នគរបាលក៏មិនទាន់បានសន្និដ្ឋានថា ជាករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិឬបែ​ប​ណាពិតប្រាកដនៅឡើយទេ ដោយគ្រាន់តែទទួលពាក្យបណ្ដឹង ទៅតាមអ្វីដែលបានកើតឡើងប៉ុណ្ណោះ៕​វាសនា​សែន​ជ័យ​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *