មេធាវីមួយចំនួនធំ ខឹងសម្បារការប្រមាថរបស់ លោកវ៉ាន់ ពុទ្ធិពល អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ

ភ្នំពេញ ៖ មេធាវីមួយចំនួនធំ កំពុងខឹងសម្បារខ្លាំង បន្ទាប់ពីនៅព្រឹកថ្ងៃទី០៤ ខែសីហា បានឃើញហ្វេសប៊ុកឈ្មោះ ” Puthipol Vann ” ដែលគេស្គាល់ថា ជារបស់ លោក វ៉ាន់ ពុទ្ធិពល អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ បង្ហោះហ្វេសប៊ុក ដែលមេធាវីអះអាងថា មានន័យប្រមាថមកលើមេធាវីទូទាំងប្រទេសមិនអាចទទួលយកបាន ។

ហ្វេសប៊ុកដែលបង្ហោះខ្លឹមសារបានបន្តិចរួចលុបវិញនោះ បានសរសេរន័យប្រៀបធៀបថា ” ថ្ងៃនេះថ្នាក់លើប្រើទៅឲ្យប្រមូលគោបញ្ជូលក្រោលដើម្បីថែរក្សាឲ្យគត់មត់ ។ គោមួយចំនួនធំបានចូលក្រោលត្រឹមត្រូវ វៀរលែងតែ អាពាល អាត្នោត និង អាទែក វាធ្លាប់តែនៅធ្វើព្យុះធ្វើភ្លៀងនៅក្រៅ ដើរជាន់ដំណាំ ស៊ីដំណាំអ្នកស្រុក កៀចមិនព្រមចូលក្រោល ។ មិនត្រឹមតែកៀច វាចង់ជល់ហើយធាក់ខ្ញុំទៀត ” សុំសួរប្រិយមិត្ត តើអា៣ក្បាលហ្នឹង សមនឹងចាក់កន្លុះឲ្យតឹង ហើយសំពងនឹងទំពក់រនាស់ឲ្យបាក់លោងទេ ? សើច ! ” ។

សូមបញ្ជាក់ថា ជម្លោះពាក្យសម្ដីផ្ទុះខ្លាំងតឹងសរសៃករៀងៗខ្លួន រវាងមេធាវីមួយចំនួននិងលោកវ៉ាន់ ពុទ្ធិពល អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ ក្នុងសិក្ខាសាលាមួយកាលពីថ្ងៃទី០៣ ខែសីហា ស្តីពី”កាតព្វកិច្ចបង់ពន្ធរបស់មេធាវី”។ នេះបើតាមប្រភពព័ត៌មានច្បាស់ការណ៍មួយ បង្ហើបឲ្យដឹងនៅថ្ងៃទី០៤ ខែសីហា នេះ ។

នៅទីស្នាក់ការគណៈមេធាវី កាលពីថ្ងៃទី០៣ ខែសីហា បានរៀបចំសិក្ខាសាលាស្ដីពី “កាតព្វកិច្ចបង់ពន្ធ” ក្រោមអធិបតីភាព លោកមេធាវី សួន វិសាល ប្រធានគណៈមេធាវី និងលោក អ៊ូ រ៉ាស៊ី អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ តំណាងលោករដ្ឋមន្រ្តីក្រសួងយុត្តិធម៌។

វាគ្មិនធ្វើបទបង្ហាញ រួមមានលោក វ៉ាន់ ពុទ្ធិពល អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ លោកចៅក្រមតុលាការកំពូល គង់ តារាឆាត និងលោក អ៊ីវ ប៉ូលី សមាជិកក្រុមប្រឹក្សាគណៈមេធាវី។

ប្រភពព័ត៌មានមួយបង្ហើបឲ្យដឹងថា ក្នុងការជជែកពិភាក្សានេះ គឺ មានមេធាវីមួយចំនួនមិនយល់ស្របចំពោះការតម្រូវឲ្យមានការបង់ពន្ធលើប្រាក់ចំណូលទេ។

មេធាវីមួយរូបលើកឡើងថា “តើឲ្យមេធាវីអនុវត្តប្រព័ន្ធយ៉ាងម៉េច បើជាក្រុមហ៊ុនស៊ីវិល តែខាងពន្ធដារ ថា ក្រុមហ៊ុនស៊ីវិលក្តីគេអត់ខ្វល់ទេ គេទារពន្ធលើប្រាក់ចំណូលតែប៉ុណ្ណោះ ដោយទារពន្ធតាមរបបស្វ័យប្រកាស ដោយមានពន្ធ៣ប្រភេទ គឺ ពន្ធតូច ពន្ធមធ្យម និង ពន្ធធំ ។ ប្រាក់ចំណូលក្រោម២៥០០០ដុល្លារអាមេរិកក្នុងមួយឆ្នាំ គឺ មិនឲ្យបង់ពន្ធទេ ” ។

មេធាវីដដែល អះអាងថា ពេលនេះពុំទាន់មានច្បាប់ដោយឡែក ដែលតម្រូវឲ្យមេធាវីបង់ពន្ធ ។ ជម្លោះនេះ រហូតមេធាវីម្នាក់ទៀត និយាយថា មកបញ្ជាគេ មកគំរាម ឬ ។ ប៉ុន្តែជម្លោះនេះ ត្រូវបានសម្របសម្រួលបញ្ចប់ ៕ ប្រសើរ

 

 

Leave a Reply

Your email address will not be published. Required fields are marked *