




ភ្នំពេញ៖ កម្មការិនីរោងចក្រកាត់ដេរជាង៧០នាក់ ដែលបម្រើការងារនៅក្នុងអាគារចំនួន៤ ក្នុងរោងចក្រកាត់ដេរយីហោ《ញូអូរៀន ខេមបូឌា ហ្គាមិន》ស្ថិតនៅក្នុងសួនឧស្សាហ៍កម្មកាណាឌីយ៉ា ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានដួលសន្លប់ជាបន្តបន្ទាប់ កាលពីវេលាម៉ោង១និង២០នាទីរសៀលថ្ងៃទី៧ ខែសីហា ក្នុងខណៈពេលដែលពួកគេកំពុងធ្វើការងារ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុក្រោយពេលហូបបាយថ្វៃត្រង់រួច កម្មការិនីទាំងនោះបាននាំគ្នាធ្វើការជាធម្មតា លុះក្រោយមកខណៈពេលកំពុងធ្វើការងារសុខ ស្រាប់តែមានកម្មការិនីម្នាក់បានមានអាការៈមិនស្រួលខ្លួនងងឹតមុខ ថប់ដង្ហើមនិងបានដួលសន្លប់ទាំងកំរោល។ដែលជាហេតុបង្កឲ្យមានការភ្ញាក់ផ្អើលពេញក្នុងរោងចក្រ ហើយក៏មានអ្នកដួលសន្លប់ជាបន្តបន្ទាប់ទៀតជាង៧០នាក់តែម្ដង ខណៈនោះតំណាងតោងចក្រកាត់ដេរខាងលើ បានដឹកអ្នករងគ្រោះទាំងនោះទៅកាន់គ្លីនិកមូលមិត្តនិងសុខលាភមេត្រី ដែលស្ថិតនៅក្នុងភូមិកើតហេតុនោះដែរ។
ប្រភពដដែលបានបន្តទៀតថា ក្រោយពេលមានហេតុការណ៏បែបនេះកើតឡើង កម្មករិនីដែលមិនបានដួលសន្លប់ត្រូវបានថៅកែអនុញ្ញាតឲ្យសម្រាកពីការងារ និងបាននាំគ្នាត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន ហើយចំពោះការដួលសន្លប់របស់ពួកគេ មិនទាន់ត្រូវបានគេដឹងពីមូលហេតុនៅឡើយទេ។ប៉ុន្តែសង្ស័យបណ្ដាលមកពីការធ្វើការហួសកម្លាំង មានកម្លាំងខ្សោយ បូករួមក្លិនគីមីក្នុងក្រណាត់ និងអាកាសធាតុនៅក្នុងរោងចក្រនោះផងដែរ ហើយទោះបីជាបែបណា មិនបានបណ្ដាលឲ្យមាននរណាស្លាប់នោះឡើយ គ្រាន់តែមានអាការៈធ្ងន់ធ្ងរតែប៉ុណ្ណោះ។ដោយមុនដំបូងពួកគេមានអាការៈវិលមុខ ងងឹតមុខថប់ដង្ហើមរកកលក្អួតចង្អោរ បន្ទាប់មកក៏បានដួលសន្លប់បែបនេះតែម្ដង ហើយមិនទាន់មានមន្រ្តីជំនាញពាក់ព័ន្ធណាមួយបញ្ជាក់ពីមូលហេតុនៅឡើយ៕ វាសនាសែនជ័យ