ជនសង្ស័យ​រំលោភ​រួច​សម្លាប់​ក្មេង​ស្រី​អាយុ​៧ឆ្នាំ​នៅ​ស្រុក​កៀនស្វាយប្រឈមទោសមួយជីវិត

កណ្តាល​៖ករណី​រំលោភ​សេពសន្ថវៈ  ​រួច​សម្លាប់​ក្មេង​ស្រី​អាយុ​៧ឆ្នាំ   ​នៅ​ស្រុក​កៀនស្វាយ​ រហូតមក​ទល់​ថ្ងៃ​ទី​៧​ ខែ​សីហា​ នេះ​ លោក​សាយ​ សម្ផស្ស​សេរី​ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្ត​កណ្ដាល​ បានសម្រេច​ឃុំ​ខ្លួន​ជនត្រូវចោទ​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ ហើយ​ ដើម្បី​រង់ចាំ​ការ​ស៊ើបអង្កេត​បន្ត​ទៀត​ ។

មន្ត្រី​តុលាការ​ ថ្លែង​ថា​ ជនសង្ស័យ​រូបនេះត្រូវ​បាន​លោក​ ទិន​ សុចិត្រា​ ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​កណ្ដាល​ សម្រេច​ចោទប្រកាន់​ បើក​ការ​ស៊ើបសួរ​ ពី​បទ​”ឃាតកម្ម​គិត​ទុក​ជា​មុន​”​តាម​មាត្រា​២០០នៃ​ក្រម​ព្រហ្មទណ្ឌ​ ដែល​បទល្មើស​នេះ​កំណត់​ការ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​ ។ មន្ត្រី​តុលាការ​ដដែល​ បន្ត​ថា​ មូលហេតុ​ដែល​ឈាន​ដល់​ការ​ចោទប្រកាន់​ពី​បទ​”ឃាតកម្ម​គិត​ទុក​ជា​មុន​”នេះ​ ដោយសារ​តាម​រយៈ​ការ​សាកសួរ​ គឺ​ ជនសង្ស័យ​ សារភាពថា​ ​ពុំ​ទាន់​បាន​រំលោភ​សេពសន្ថវៈ​ក្មេង​ស្រី​រង​គ្រោះ​នៅ​ឡើយ​ ហើយ​បាន​នាំ​ក្មេង​ស្រី​ដល់​កន្លែង​ស្រះ​ទឹក​មួយ​ រួច​ច្របាច់​ក​សម្លាប់​តែ​ម្តង​ ។

​ គួរ​បញ្ជាក់​ថា​ ហេតុការណ៍​នេះ​ កើត​ឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​០១​ ខែ​សីហា​ ឆ្នាំ​២០១៧​ នៅ​ចំណុច​សាលារៀនបឋមសិក្សាហ៊ុនសែន ស្លាកែត ភូមិកោះចិន ឃុំគគីរ ស្រុកកៀនស្វាយ ។ មន្ត្រីកងរាជអាវុធហត្ថខេត្តកណ្តាល​ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ហេង ចន្ធីម ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរកម្មករសំណង់ មានទីលំនៅភូមិទួលដូង ឃុំគគីរ ស្រុក​កៀន​ស្វាយ បានធ្វើសកម្មភាពបោក​បញ្ឆោត​លួងលោមក្មេង​ស្រី​អាយុ​៧ឆ្នាំ​ ជាសិស្សរៀនថ្នាក់ទី១សាលាបឋមសិក្សាហ៊ុន​ ដឹកតាមកង់ជិះយកមកទៅចាប់រំលោភ​សេពសន្ថវៈ​ ។ នៅ​ដំណាក់កាល​សមត្ថកិច្ច​ ជនសង្ស័យ​សារភាពថា​ ពិត​ជា​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​មែន​ ៕ ប្រសើរ

Leave a Reply

Your email address will not be published. Required fields are marked *