ភ្នំពេញ៖ កម្មការិនីរោងចក្រកាត់ដេរជាង៤០នាក់ ដែលបម្រើការងារនៅក្នុងអាគារលេខ១៥និង១៧ ក្នុងរោងចក្រកាត់ដេរយីហោ《ញូអូរៀន ខេមបូឌា ហ្គាមិន》ដែលមានទីតាំងស្ថិតនៅក្នុងសួនឧស្សាហ៍កម្មកាណាឌីយ៉ា ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញបានបន្តដួលសន្លប់ជាថ្មីម្ដងទៀតនិងបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី៩ ខែសីហា ក្នុងខណៈពេលទើបចូលធ្វើការងារបានរយៈពេលប្រហែលជាង១ម៉ោងប៉ុណ្ណោះ។
តាមប្រភពដដែលបានបន្តទៀតថា នេះគឺជាលើកទី២ហើយដែលកម្មការិនីរោងចក្រមួយនេះដួលសន្លប់ ដោយលើកទី១បានកើតឡើងកាលពីវេលារសៀល ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧ មានកម្មការិនីចឋមនួនជិត៧០នាក់បានដួលសន្លប់ ក្រោយពេលហូបបាយថ្ងៃត្រង់រួច និងចូលធ្វើការបានត្រឹមជា១ម៉ោងប៉ុណ្ណោះដោយពួកគេសុទ្ធតែមានអាការៈមិនស្រួលខ្លួនងងឹតមុខ ថប់ដង្ហើមរួចក៏បានដួលសន្លប់តែម្ដង។បន្ទាប់មករោងចក្របានបិទទ្វារជាបណ្ដោះអាសន្ន រហូតមកដល់ព្រឹកថ្ងៃទី៩ ខែសីហានេះទើបពួកគេបានបន្តចូលធ្វើការងារ ហើយខណៈពេលកំពុងធ្វើការសុខៗស្រាប់តែដួលសន្លប់ជាថ្មីម្ដងទៀតជាង៤០នាក់និងត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅគ្លីនិកមូលមិត្តនិងសុខលាភមេត្រី ដែលស្ថិតនៅក្នុងភូមិកើតហេតុនោះដែរ ចំណែករោងចក្រនោះត្រូវបានបិទទ្វារជាបណ្ដោះអាសន្នជាលើកទី២ទៀត។
ប្រភពដដែលបានបន្តទៀតថា ក្រោយពេលមានហេតុការណ៏បែបនេះកើតឡើង កម្មករិនីដែលមិនបានដួលសន្លប់ត្រូវបានថៅកែអនុញ្ញាតឲ្យសម្រាកពីការងារ និងបាននាំគ្នាត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន ហើយចំពោះការដួលសន្លប់របស់ពួកគេ មិនទាន់ត្រូវបានគេដឹងពីមូលហេតុនៅឡើយទេ។ប៉ុន្តែសង្ស័យបណ្ដាលមកពីការធ្វើការហួសកម្លាំង មានកម្លាំងខ្សោយ បូករួមក្លិនគីមីក្នុងក្រណាត់ និងអាកាសធាតុនៅក្នុងរោងចក្រនោះផងដែរ ហើយទោះបីជាបែបណា មិនបានបណ្ដាលឲ្យមាននរណាស្លាប់នោះឡើយ គ្រាន់តែមានអាការៈធ្ងន់ធ្ងរតែប៉ុណ្ណោះ។ដោយមុនដំបូងពួកគេមានអាការៈវិលមុខ ងងឹតមុខថប់ដង្ហើមរកកលក្អួតចង្អោរ បន្ទាប់មកក៏បានដួលសន្លប់បែបនេះតែម្ដង ហើយមិនទាន់មានមន្រ្តីជំនាញពាក់ព័ន្ធណាមួយបញ្ជាក់ពីមូលហេតុនៅឡើយ៕អូន ធួក
