នគរបាលខេត្តកំពង់ចាម តាមចាប់ឃាតកសម្លាប់មនុស្សនឹងត្បូងចប ដល់ខេត្តកំពង់ធំ

កំពង់ចាម: ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចតាមចាប់ខ្លួនទាល់តែបាន ក្រោយពីធ្វើសកម្មភាពវាយជនរងគ្រោះម្នាក់និងត្បូងចប បណ្តាលឲ្យស្លាប់ នៅវេលាម៉ោង១០ និង៥នាទី ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧ នៅចំណុចចំការកៅស៊ូភូមិទួលសំបួរ ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់។

ជនរងគ្រោះឈ្មោះ ភី បូរិទ្ធ ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅភូមិចេកជ្វា ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ជាកម្មករចំការកៅស៊ូ នៅភូមិឃុំកើតហេតុខាងលើ។ ជនរងគ្រោះត្រូវបានជនសង្ស័យ វាយដោយត្បូងចប ត្រូវចំក្បាលច្រើនកន្លែង បណ្តាលឲ្យស្លាប់ (បន្សល់ទុកចបកាប់១មានត្បូងប្រឡាក់ឈាម)។

ក្រោយមកនគរបាលខេត្តកំពង់ចាមសហការជាមួយអង្គភាពពាក់ពន្ធ័ តាមប្រមាញ់ជនសង្ស័យ ដែលកំពុងរត់គេចខ្លួន។ រហូតដល់ម៉ោង៦ និង៥០នាទីយប់ ថ្ងៃខែដដែល សមត្ថកិច្ចយើងសហការជាមួយសមត្ថកិច្ចស្រុកបារាយណ៍ ខេត្តកំពង់ធំ បានឃាត់ខ្លួនជនសង្សយ័ដៃដល់ ឈ្មោះ ម៉េង ចាន់ថា ភេទប្រុស អាយុ ២២ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិគីឡូ១០ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ មកធ្វើជាកម្មករចំការកៅស៊ូនៅភូមិឃុំកើតហេតុខាងលើ រួចនាំយកទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីកសាងសំណុំឯកសារ ដើម្បីបញ្ជួនទៅតុលាការ ៕ សម្បត្តិ

Leave a Reply

Your email address will not be published. Required fields are marked *