

ភ្នំពេញ៖ ស្រ្តីចំណាស់ម្នាក់ដែលជាមន្រ្តីក្រសួងសុខាភិបាល និងកូនប្រុសរបស់គាត់ ត្រូវបានជនមិនស្គាល់អត្តសញ្ញាណម្នាក់ តាមរករឿងនិងគំរាមកំហែង ព្រមទាំងបង្កការរំខានជាបន្តបន្ទាប់ រហូតធ្វើឲ្យពួកគាត់មានការភិតភ័យស្ទើរមិនហ៊ាននៅផ្ទះនិងចេញ ទៅណាមកណាទៅហើយ។ដោយសារតែមានការភ័យខ្លាចគ្រប់ពេលនោះ ទើបនៅវេលាម៉ោង១០និង៤៥នាទី១១ ខែសីហា ឆ្នាំ២០១៧ គាត់សម្រេចចិត្តនាំកូនប្រុសធ្វើដំណើរទៅកាន់ប៉ុស្ដិ៍ ចោមចៅដាក់ពាក្យបណ្ដឹងសុំឲ្យនគរបាលជួយអន្តរាគមន៏ និងជាការជួយដឹងឮក្រែងថ្ងៃណាមួយការគំរាមកំហែងខាងលើក្លាយទៅ ជាការពិតនាំឲ្យរូបគាត់និងកូនប្រុសមានគ្រោះថ្នាក់កើត ឡើង។
ស្រ្តីរងគ្រោះដោយការគំរាមកំហែកខាងលើនោះឈ្មោះ ដួង ច័ន្ចរ៉ាវី អាយុ៤៥ឆ្នាំ មុខរបរជាមន្រ្តីក្រសួងសុខាភិបាល ស្នាក់នៅផ្ទះលេខ ៦២ ផ្លូវលេខ២០ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ដោយឡែកកូនប្រុសរបស់គាត់ដែលទៅ ប៉ុស្ដិ៍នគរបាលចោមចៅជាមួយគាត់ដែរនោះ មិនត្រូវបានស្គាល់ឈ្មោះនោះឡើយ និងបានទទួលការគំរាមកំហែងខ្លាំងដែរ។ រីឯជនដែលត្រូវចោទប្រកាន់នោះ មិនត្រូវបានស្គាល់ឈ្មោះនោះទេគ្រាន់តែស្គាល់មុខតែប៉ុណ្ណោះ មានអាយុប្រហែល៥០ឆ្នាំ និងជាកម្មករសំណង់ ហើយស្នាក់នៅផ្ទះស្រ្តីមេម៉ាយម្នាក់ដែលស្ថិតនៅទល់មុខផ្ទះរបស់ស្រ្តីរងគ្រោះដែរ។
ស្រ្តីរងគ្រោះរូបនោះបាននិយាយប្រាប់នគរបាលថា ជនសង្ស័យខាងលើបានទៅស្នាក់នៅផ្ទះស្រីមេម៉ាយទល់មុខផ្ទះរបស់គាត់នោះ រយៈពេលជាងកន្លះឆ្នាំកន្លងមកហើយ ប៉ុន្តែគាត់មិនដែលស្គាល់ឈ្មោះទេ ហើយគាត់ក៏មិនដែលមានទំនាស់ជាមួយជននោះម្ដង ណាឡើយប៉ុន្តែមិនដឹងថាយ៉ាងម៉េចទើបជននោះចេះតែតាមរករឿង គំរាមកំហែងចង់សម្លាប់រូបគាត់និងកូនប្រុសគាត់ដែលកំពុង រៀនព្រមទាំងនិយាយដៀមដាមមិនឈប់ទាល់តែសោះ។មិនតែប៉ុណ្ណោះបានហៅមិត្តភក្ដិទៅផឹកស៊ីស្រែកឡូរឡារំខានដល់គាត់និងអ្នកជិតខាងជាញឹកញាប់ ដោយឡែកកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ ខណៈពេលដែលគាត់កំពុងរៀបចំ ស្រោចផ្កាមុខផ្ទះ។ស្រាប់តែជនសង្ស័យខាងលើបញ្ឆេះម៉ូតូរោទិ៍ខ្លាំងៗ និងស្រែកជេរប្រមាថគាត់យ៉ាងចាស់ដៃ ដោយគ្មានមូលហេតុ ហើយដោយសារមានការភ័យខ្លាច ទើបគាត់សម្រេចចិត្តដាក់ពាក្យបណ្ដឹងបែបនេះតែម្ដង៕វាសនាសែនជ័យ