ភ្នំពេញ: ក្រុមកម្មករជាងដែកមានចំនួន៤នាក់ បន្ទាប់បញ្ចប់ម៉ោងការងារហើយមិនព្រមសម្រាកយកកម្លាំងទេបែរជានាំគ្នាប្រមូលផ្តុំជក់គ្រឿងញៀនទៅវិញធ្វើឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍កាកាបដឹង ឃាត់ខ្លួនបានទាំង៤នាក់កាលពីវេលាម៉ោង១១និង១៥នាទីថ្ងៃត្រង់ នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យទាំង៤នាក់ដែល នគរបាលឃាត់ខ្លួនបាន ទី១ជាបងធំ ផ្តើមគំនិតប្រមូលគ្នាជក់ មានឈ្មោះ គង់ វុទ្ធី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាងដែក មានទីលំនៅ ផ្ទះកើតហេតុ ខាងលើ។ ទី២ឈ្មោះ យ៉ា សំណាង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាងដែក មានទីលំនៅ ក្នុងភូមិចំការឪឡឹក សង្កាត់កាកាប។ ទី៣ឈ្មោះ ទ្រី គីមហេង ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជាងដែក មានទីលំនៅក្នុងភូមិកើតហេតុ។ និងទី៤ឈ្មោះ ឌិន រីណា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាងដែក មានទីលំនៅ ក្នុងភូមិកើតហេតុ។
តាមសម្តីជនសង្ស័យ ម្នាក់ឈ្មោះ យ៉ា សំណាង បានឲ្យដឹងថា ក្រោយបញ្ចប់ម៉ោងការងារ ជាងផ្សារដែកភ្លាម ពួកគេមិនទាន់ទាំងហូបបាយផង បាននាំគ្នាទៅផ្ទះជនសង្ស័យ គង់ វុទ្ធី ដើម្បីជក់គ្រឿងញៀន ហើយទើបតែដុតបង្ហុយ អស់ថ្នាំមួយកញ្ចប់ក៏ត្រូវ ប៉ូលិសមកដល់ចាប់ឃាត់ខ្លួនតែម្តង។
ក្នុងពេលនោះដែរសមត្ថរកឃើញវត្ថុតាង បន្សល់ទុកថ្នាំញៀន១កញ្ចប់តូច ដបសម្រាប់ជក់ថ្នាំញៀន និងសម្ភារ:មួយចំនួនទៀត នាំយកទៅសាកសួរនៅប៉ុស្តិ៍កាកាប ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការបន្តទៅតាមនីតិវិធី៕ អូន ធួក
