ព្រះសីហនុ: ម៉ូតូ២គ្រឿងបានបុកគ្នាពេញទំហឹង បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង២នាក់ទៀតរងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ កាលពីវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចតាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៨០-១៨១ មុខតំបន់សឹករងស្រុកព្រៃនប់ ភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ប្រភពព័ត៌មានបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍គឺភាគីម៉ូតូទាំងសងខាង បានបើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នា ក្នុងល្បឿនលឿនដូចគ្នា លុះដល់ចំណុចកើតហេតុ ភាគីម្ខាងក៏បានបត់ឆ្វេងឆ្លងផ្លូវ ទើបបណ្តាលឲ្យម៉ូតូមួយគ្រឿងទៀតចាប់ហ្រ្វាំងមិនទាន់ក៏បុកគ្នាពេញទំហឹងតែម្តង រហូតបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង២នាក់ទៀតរងរបួសនៅលើម៉ូតូត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅគ្លីនិកវាលរេញ ភ្លាមៗ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅធ្វើការវាស់វែងនាំយកម៉ូតូទាំង២គ្រឿងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ ៕ សម្បត្តិ

