សង្ស័យស្រវឹងបើករថយន្តបុករះរថយន្ត និងម៉ូតូ របួសធ្ងន់ម្នាក់

ភ្នំពេញៈរថយន្តកាមរីបាឡែន​ បើក​ឆ្លងផ្លូវបែកជាបួន ក្នុងល្បឿនលឿនមិនប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុក ម៉ូតូ TODAYមួយគ្រឿងត្រូវអ្នកបើក ពេញទំហឹង ហើយរថយន្តនេះមិនទាន់អស់ល្បឿនក៏ជ្រុល​ទៅបុកគូទរថយន្តនីសាន់ ដែលចតចោលនៅលើចិញ្ចើមផ្លូវមួយគ្រឿងរួមនឹងផើងផ្កាមួយ ធ្វើឲ្យ​រថយន្តកល់ជាប់បើកទៅមុខលែងរួច បណ្តាលឲ្យ​បុរសម្នាក់រងរបួសធ្ងន់ធ្ងរត្រូវបានគេដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ។

ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤និង១៥នាទីយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវលេខ១០៥ កែងនិងផ្លូវលេខ៤៣២ ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

សាក្សី បានឲ្យ​ដឹងថា មុនពេលកើតហេតុ គេបានឃើញ បុរសម្នាក់ ជិះម៉ូតូ​TODAY មួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1DO- 1569 តែម្នាក់ឯងដោយ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៤៣២ ក្នុងទិសដៅពីកើតមកលិច។ ខណៈជិះមកដល់កន្លែងកើតហេតុខាងលើ ត្រង់ចំណុចផ្លូវបែកជាបួន កែងនឹងផ្លូវលេខ១០៥ ស្រាប់តែមានរថយន្ត កាមរីបាឡែន មួយគ្រឿង បើកបរដោយបុរសម្នាក់ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AO- 4162 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១០៥ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿនហើយពេល មកដល់ផ្លូវបំបែកជាបួន មិនប្រុងប្រយ័ត្ន បានបើកទៅបុក ម៉ូតូ TODAY ខាងលើ ពេញទំហឹង បណ្តាលអោយបុរសដែលជិះម៉ូតូ TODAY  រងរបួសធ្ងន់ធ្ងរ។ ខណ: រថយន្តកាមរីបាឡែន បុកម៉ូតូ TODAY រួច រថយន្តមិនទាន់អស់ល្បឿន ក៏ជ្រុលទៅបុកគូទរថយន្ត នីសាន់ ដែលចតចោល នៅលើចិញ្ចើមផ្លូវ ពេញទំហឹង ហើយក៏បន្តទៅបុកផើងផ្កែមួយទៀត ដែលនៅមុខផ្ទះរបស់ប្រជាពលរដ្ឋ ធ្វើឲ្យរថយន្តកាមរីបាឡែន កល់កង់ជាប់បើកទៅមុខលែងរួច។ក្នុងនោះដែររថយន្តនីសាន់ដែលចតចោលបានរងការខូចខាតផ្នែកខាងក្រោយម្ខាង ចំណែករថយន្ត កាមរីបាឡែន រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំតែម្តង ។​

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលចរាចរខណ្ឌចំការមន បានសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ក្រុង បានឃាត់ខ្លួន អ្នកបើកបររថយន្ត កាមរីបាឡែន ទៅវាស់ជាតិអាល់កុល និងបានវាស់វែងយករថយន្តពីរគ្រឿង និងម៉ូតូ TODAY ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រង់ចាំការដោះស្រាយពេលក្រោយ៕ អូន ធួក

Leave a Reply

Your email address will not be published. Required fields are marked *