




ភ្នំពេញ៖ចៅចិត្តឃោឃៅហ៊ានលើកដៃយកដំបងវាយជីដូនវ័យចំណាស់ម្នាក់បណ្ដាលអោយស្លាប់យ៉ាងអាណោចអាធម៌ ខណៈដែលមានទំនាស់ពាក្យសម្ដីបន្តិចបន្តួច។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២០:០០នាទីយប់ថ្ងៃទី១៣ខែសីហាឆ្នាំ២០១៧នៅផ្ទះលេខ ២៤ ផ្លូវលេខ៥៨២Zក្រុមទី១៤ ភូមិទី ១៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។
សាកសពជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះគ្រួចសុខាភេទ ស្រី អាយុ៧៨ឆ្នាំ មុខរបរ នៅផ្ទះ ទីលំនៅផ្ទះកើតហេតុខាងលើ។ចំណែកឯជនសង្សយ័ឈ្មោះ ឆាយ ស៉ិនហួរ ភេទប្រុស អាយុ ២៣ឆ្នាំមុខរបរនៅផ្ទះស្នាក់នៅផ្ទះកើតហេតុខាងលើត្រូវជាចៅជីដូនមួយសព។
តាមប្រភពពត៌មានពីចៅស្រីរបស់សាកសពជនរងគ្រោះឈ្មោះ ឆាយ តាក់លីដាអាយុ២៦ឆ្នាំមុខរបរនៅផ្ទះបានអោយដឹងថា នៅមុនពេលកើតហេតុ ជនសង្សយ័បានឡើងទៅបើកគំរបទ្វារជណ្តើរខាងលើផ្ទះ ខណៈនោះជនរគ្រោះស្តីអោយជនសង្សយ័ថា បើកគំរបទ្វារជណ្តើរធ្វើអីប្រយត្ន័ទឹកភ្លៀងចូលផ្ទះសូមបិទអោយបានស្រួលបួលផង។ពេលនោះក៏កើតមានពាក្យសម្ដីបន្តិចបន្តួច រួចជនសង្ស័យដើរទៅយកដំបងឈើជ្រុងវាយក្បាលជនរងគ្រោះបណ្ដាលអោយរងរបួសធ្ងន់។បន្ទាប់មកនាងនៅក្បែរកន្លែងកើតហេតុឃើញហេតុការណ៍នោះក៏ដឹកជនរងគ្រោះយកមកមន្ទីរពេទ្យព្រះកុសមៈហៅ មន្ទីរពេទ្យលោកសង្ឃ ពេលមកដល់គ្រូពេទ្យពិនិត្យប្រាបស្លាប់បាត់ហើយ។
ក្រោយកើតហេតុគេឃើញកម្លាំងនគរបាលមូលដ្ឋានចុះទៅកន្លែងកើតហេតុព្រមទាំងទំនាក់ទំនងកម្លាំងនគរបាលជំនាញនៃស្នងការរាជធានីភ្នំពេញមកកន្លែងកើតហេតុដើម្បីត្រួតពិនិត្យសាកសពជនរងគ្រោះ។
តាមការសន្និដ្ឋានរបស់នគរបាលជំនាញនៃស្នងការក្រុងបានអោយដឹងថា សាកសពជនរងគ្រោះពិតជាស្លាប់ដោយសារត្រូវនឹងដំបងមែន។
បច្ចុប្បន្ននេះសាកសពជនរងគ្រោះត្រូវបានកម្លាំងនគរបាលជំនាញប្រគល់ទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯគេហដ្ឋាន៕សារ៉េត