អគ្គីភ័យឆាបឆេះ លំនៅឋានពលរដ្ឋ១៨ខ្នងតូចៗទាំងព្រឹកព្រលឹម

 

 

 

 

ភ្នំពេញ​៖កាលពីវេលាម៉ោង ៦ ព្រឹកថ្ងៃទី១៤ ខែសីហាឆ្នាំ២០១៧ស្ថិតក្បែរស្ថានីយ៍ប៊ូមទឹកបឹងទំពុនក្នុងក្រុមទី៩ភូមិត្នោតជ្រុំ៣សង្កាត់បឹងទំពុនខណ្ឌមានជ័យអគ្គីភ័យឡេបត្របាក់បំផ្លាញលំនៅឋានតូចៗចំនួន១៨ខ្នងផ្ទះអស់ហ្មត់គ្មានសល់ដែលសុទ្ធសឹងសង់ឡើងពីឈើប្រក់សង្ក័សី ។

តាមប្រភពពត៌មានពីក្រុុមប្រជាពលរដ្ឋអោយដឹងថា នៅវេលាខាងលើ គេសង្គេតឃើញមានអណ្តាតភ្លើងឆាបឆេះ ចេញលំនៅឋានមួយខ្នងក្នុងចំណោមលំនៅឋានជាច្រើននៅចំណុចខាងលើ ដោយមិនដឹងថាឆាបឆេះដោយសារមូលហេតុអ្វី ។ ភ្លាមនោះក្រុមប្រជាពលរដ្ឋបាននាំគ្នារត់ស្រវេស្រវា រកទឹកជះពន្លត់អណ្តាតភ្លើង ប៉ុន្តែ នៅពេលនោះអណ្តាតភ្លើងកាន់តែឆាបឆេះឡើង ទើបសម្រេចរាយការណ៍ជូនសមត្ថកិច្ច និងកម្លាំងអាជ្ញាធរមូលដ្ឋានចុះអន្តរាគមន៍ ។

ក្នុងការចុះអន្តរាគមន៍គេសង្គេតឃើញ មានកម្លាំងចម្រុះទាំងអស់ មានអាជ្ញាធរ នគរបាល កម្លាំងអាវុធហត្ថ និងកម្លាំងជំនាញ រួមទាំងរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រេឿងចុះអន្តរាគមន៍ផងដែរ ។ ក្រោយកិច្ចសហការគ្នា និងការខិតខំប្រឹងប្រែងបាញ់ទឹកទប់ស្កាត់អណ្តាតភ្លើងរួចមក អណ្តាតភ្លើងត្រូវបានរលត់សូន្យសុងទៅវិញ ក្រោយប្រើប្រាស់ថេរះវេលាជាង១ម៉ោង ។

អភិបាលរងខណ្ឌមានជ័យ លោកឌី រ័ត្នខេមរុណ បញ្ជាក់អោយដឹងថា ក្នុងការឆាបឆេះខាងលើនេះដែរ សមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ចំនួន ១៤គ្រេឿង ក្នុងនោះ៤គ្រេឿជារបស់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ និង៨គ្រេឿងជារបស់កម្លាំងការិយាល័យបង្ការ និងពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។ ក្នុងនោះដែរ លំនៅឋានតូចៗចំនួន ១៨ខ្នងផ្ទះ លើ៤៦ខ្នងផ្ទះ ត្រូវអណ្តាតភ្លើងបំផ្លាញអស់ហ្មត់ទាំងស្រុងតែម្តង ប៉ុន្តែក្នុងកឆាបឆេះនេះ មិនមានបណ្តាលអោយមនុស្សណាម្នាក់រងរបួសឡើយ ។

លោកអភិបាលរងខណ្ឌមានជ័យ បន្ថែមថា តំបន់ខាងលើនេះ គឺធ្លាប់ឆាបឆេះ២លើកមកហើយបូកទាំងករណីលើកនេះ ដែលករណីដំបូងឆាបឆេះកាលពីខែមិថុនា ឆ្នាំ២០១៦កន្លងទៅ បំផ្លាញលំនៅឋានចំនួន ៣៤ខ្នងផ្ទះអស់ហ្មត់គ្មានសល់ ។ ចំពោះករណីលើកទី២នេះដែរ ក្រុុមអាជ្ញាធរ រួមទាំងសមត្ថកិច្ចជំនាញ មិនទាន់អាចបញ្ជាក់ពីមូលហេតុ នៃការឆាបឆេះបាននៅឡើយទេ ប៉ុន្តែជាជំនាញដំបូង សមត្ថកិច្ចសន្និដ្ឋាមថា អាចបណ្តាលមកពីទុស្សេចរន្តអគ្គីសនី ៕​បញ្ញា​

 

 

Leave a Reply

Your email address will not be published. Required fields are marked *