ភ្នំពេញៈ កាលពីវេលាម៉ោង៩យប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ ត្រង់ចំណុចមុខអគារសន្តិភាព តាមបណ្តោយមហាវិថីសហពន្ធរុស្ស៉ី ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ យុវជនម្នាក់ បានបោកក្បាលស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម បន្ទាប់ពីជិះម៉ូតូក្នុងល្បឿនយ៉ាងលឿន ហើយបានទាក់ដៃចង្កូតជាមួយរថយន្ត ។
សមត្ថកិច្ចបានឲ្ដឹងថា ជនរងគ្រោះឈ្មោះ គួយ ឆេកូ ភេទ ប្រុស អាយុ១៩ឆ្នាំ មុខរបរជាសន្តិសុខ ស្នាក់នៅម្តុំគីឡូលេខ៩ សង្កាត់ទួលច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ មានស្រុកកំណើតនៅភូមិជុំរះពេន ស្រុកសំរោង ខេត្តតាកែវ។
ប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះរជិះម៉ូតូមួម៉ាក ZOOMER-X ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ ១GC-៨២០៩ ទើបតែជិះចេញមកពីកោះពេជ្រហើយគោលបំណងទៅយកមិត្តភក្តិនៅម្តុំសួនក្តាន់ពីរ ដោយធ្វើដំណើរតាមបណ្តោយមហាវិថីសហពន្ធ័រុស្ស៉ី ទិសដៅពីកើតទៅលិចក្នុងល្បឿនបោះពួយយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ ក៏បានវ៉ាជែងខាងឆ្វេងរថយន្តមួយគ្រឿងមិនចាំម៉ាក ដែលបើកបរស្របទិសដៅ បណ្តាលឲ្យម៉ូតូរងគ្រោះទាក់ដៃចង្កូតនិងកញ្ចក់មើលក្រោយរថយន្តដួលបោកនិងថ្នល់អូសប្រមាណជា២០ម៉ែត្រស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ។ ចំណែកឯរថយន្តបានបើករត់គេចខ្លួនបាត់ស្រមោល។
បន្ទាប់មកសមត្ថកិច្ចជំនាញបានធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីរង់ចាំប្រគល់ទៅឲ្យសាច់ញាតិជនរងគ្រោះ។ ចំណែកសព ត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យសាច់ញាតិដឹកយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕ អូន ធួក
