អតិតអ្នកបើករថយន្ត ក្រុមហ៊ុនកាពីតូល លើកគ្នាតវ៉ានៅមុខភូមិគ្រិះសម្តេច តេជោ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ អតីតអ្នកបើករថយន្តក្រុមហ៊ុនកាពីតូលចំនួន៤៥នាក់ បានលើកគ្នាដង្ហែរក្បូនតវ៉ាម្ដងទៀត ដោយតម្រង់ ទៅខុទ្ធការិយាល័យ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីដាក់លិខិតស្នើសុំអន្តរាគមន៍ពីសម្ដេចតេជោ ឱ្យជំរុញដល់ក្រុមហ៊ុនកាពីតូល ទទួលយកពួកគាត់ចូលធ្វើការវិញ ក្រោយពីបញ្ឈប់អស់រយៈពេលជាង១ឆ្នាំមកនេះ។
លោក អ៊ាន គឹមហ៊ុន អគ្គនាយកសហព័ន្ធសហជីពកម្មករវិស័យដឹកជញ្ជូនកម្ពុជា ដែលចូលរួមតវ៉ាជាមួយអតីតអ្នកបើករថយន្តក្រុងកាពីតូល បានឲ្យដឹងថា «ក្រុមរបស់យើងបានដាក់លិខិតស្នើជូនរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៉ិត សំហេង ហើយលោករដ្ឋមន្ត្រីបានចេញលិខិតមួយ ប្រកាសឲ្យក្រុមហ៊ុនកាពីតូលទទួលយកយើងទាំងអស់គ្នាចូលធ្វើការវិញ ប៉ុន្តែភាគីក្រុមហ៊ុនមិនបានទទួលយកបុគ្គលិកឲ្យចូលធ្វើការវិញ តាមបញ្ជារបស់ លោករដ្ឋមន្ត្រីក្រសួងការងារនោះទេ»។
ដោយសារក្រុមហ៊ុនកាពីតូល នៅតែមិនព្រមទទួលក្រុមរបស់លោក ឲ្យចូលធ្វើការវិញនេះហើយ ទើបក្រុមរបស់គាត់ បាននាំគ្នា ដាក់ពាក្យបណ្ដឹងទៅដល់សហគមន៍អន្តរជាតិ ដើម្បីជួយអន្តរាគមន៍បន្ថែមទៀត ហើយលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ ក៏ធ្លាប់បានកោះប្រជុំ ជាមួយភាគីខាងសហជីពរបស់លោក និងភាគីក្រុមហ៊ុនកាពីតូល ដើម្បីធ្វើការសម្របសម្រួលគ្នា ប៉ុន្តែភាគីក្រុមហ៊ុន នៅតែប្រកាន់ជំហរ មិនព្រមទទួលយកក្រុមសហជីពរបស់លោក ឲ្យចូលធ្វើការដដែល ៕ អូន ធួក

capitol11

Leave a Reply

Your email address will not be published. Required fields are marked *