ខេត្តប៉ៃលិន ៖ ប្រជាពលរដ្ឋរាប់រយនាក់បាននាំគ្នាទៅឡោមព័ទ្ធសាលាឆាន់តាំងពីយប់រហូតដល់ភ្លឺ ដោយចោទប្រកាន់ចៅអធិការវត្តខណ្ឌសីមារាមថា បាននាំស្ត្រីវ័យកណ្តាលដែលមានរូបចោមស្រស់ស្អាតសាច់សខ្ចីម្នាក់ទៅដេកក្នុងវត្តជាមួយជាយូរមកហើយ ។
ពុទ្ធបរិស័ទនិយាយថា ព្រះចៅអធិការវត្តខណ្ឌសីមារាមបានមានទំនាក់ទំនងជាមួយស្ត្រីរូបស្រស់ម្នាក់នេះរយៈពេលប៣-៤ឆ្នាំហើយ រហូតដល់ក្រោយមកស្ត្រីរូបស្រស់នោះបានយកកូនប្រុសរបស់ខ្លួនម្នាក់អាយុ៤ឆ្នាំទៅបួសនៅក្នុងវត្តនោះទៀតផង ។
ប្រភពបន្តទៀតថា ពួកគេតែងតែសង្កេតឃើញចៅអធិការវត្ព្រះនាម ហេង វណ្ណធីរ៍ ព្រះជន្ម៤៧ព្រះវស្សា ចំណែកស្ត្រីរូបស្រស់សាច់សខ្ចីរូបនេះឈ្មោះ វី អាយុ៣២ឆ្នាំមានភាពជិតស្និទ្ធិជាមួយស្ត្រីនេះខុសពីធម្មតា ទើបនាំគ្នាតាមដានអស់រយៈពេលជាយូរថ្ងៃខែ លុះនៅវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី១៧ ខែវិច្ឆិកា ស្រាប់តែឃើញស្ត្រីរូបនេះបានចូលទៅក្នុងវត្តតែម្នាក់ឯង ទើបនាំគ្នាឡោមព័ទ្ធមិនឱ្យចេញទៅណារួច រហូតដល់វេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ទើបបឹ្តងអាជ្ញាធរ និងសមត្ថកិច្ចឱ្យចុះទៅត្រួតពិនិត្យបង្កការភ្ញាក់ផ្អើលពេញវត្តខណ្ឌសីមារាម ហៅវត្តអូរឈើក្រំ ស្ថិតក្នុងភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ស្ត្រីរូបស្រស់ដែលរងការចោទប្រកាន់បានឲ្យដឹងថា គាត់ចូលទៅក្នុងសាលាឆាន់ទាំងយប់នេះគឺបម្រុងយកថ្នាំពេទ្យទៅឲ្យលោកកូន ព្រះជន្ម៤វស្សា ដែលបួសជាសង្ឃនៅក្នុងវត្តលេប បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍ដួលម៉ូតូកាលពីប៉ុន្មានថ្ងៃមុន ស្រាប់តែត្រូវប្រជាពលរដ្ឋសង្ស័យថា ជាប់ពាក់ព័ន្ធរឿងអាស្រូវជាមួយចៅអធិការវត្តទៅវិញ ។
ទោះបីជាយ៉ាងណា នៅវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ព្រះចៅអធិការវត្តខណ្ឌសីមារាម ហៅវត្តអូរឈើក្រំ ត្រូវបានគេជម្លៀសដោយដឹកតាមរថយន្តកាមរីពណ៌សចេញទៅបាត់ លុះមួយសន្ទុះក្រោយមកស្ត្រីរូបស្រស់ខាងលើក៏ត្រូវបានគេយកម៉ូតូមកឌុបទៅតាមក្រោយដែរ បន្ទាប់ពីអាជ្ញាធរ និងប្រធានមន្ទីរធម្មការ និងសាសនាខេត្ត បានសាកសួរពួកគេទាំងនោះរួចមក ៕ សម្បត្តិ
