រថយន្តប៉ះគ្នាតិចតួច បាញ់១០គ្រាប់សមត្ថកិច្ចចាប់ខ្លួនដក​ហូត​កាំភ្លើងខ្លី១ដើម

0
172

ភ្នំពេញៈ មន្ត្រីអង្គរក្សម្នាក់ នៅក្នុងបន្ទាយវរៈ ៤៩៩ បានបាញ់១០គ្រាប់សំដៅរថយន្តក្រុង​ដឹកអ្នក​ដំណើរមួយគ្រឿង គ្រាន់តែរឿងគ្រោះថ្នាក់ចរាចរណ៍តិចតួចធ្វើឲ្យរថយន្តក្រុងត្រូវធ្លុះធ្លាយ ជិត១០ កន្លែង ឯជនដៃដល់ត្រូវសមត្ថកិច្ចចាប់ខ្លួន និងចាត់ទុកជាសំណាង ដែរដែលគ្មានមនុស្សណាម្នាក់រងគ្រោះក្នុងហេតុការណ៍នេះទេ ។

ហេតុការណ៍នេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៨និង ៥០នាទីយប់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧នេះ នៅតាមបណ្ដាយផ្លូវលេខ៥៩៨ ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ ។

សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវបាន បានឲ្យដឹងថា បន្ទាប់ពីឮស្នូរផ្ទុះអាវុធជាច្រើន​គ្រាប់​នៅចំណុចខាងលើភ្លាម សមត្ថកិច្ចមូលដ្ឋានបានចុះទៅ ធ្វើអន្តរាគមន៍ ហើយបានឃាត់​ខ្លួន​ខ្មាន់កាំភ្លើង ឈ្មោះ អេង កុសល ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរអង្គរក្ស នៅបន្ទាយ​វរៈ៤៩៩(យោធា) ស្នាក់នៅផ្ទះលេខដេ២៤ ផ្លូវលេខ២ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ ព្រមទាំងដកហូតកាំភ្លើងខ្លីម៉ាកឡុក១ដើម រួចបញជូនទៅកាន់អធិការដ្ឋាន​នគរបាលខណ្ឌឫស្សីកែវភ្លាមៗផងដែរ ។ ប៉ុន្តែបើតាមលោកនាយឧត្តមសេនីយ ជួន​ សុវណ្ណ​ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញវិញបានបញ្ជាក់ថា ជននេះមិនមែនជា​អង្គ​រក្សនិងគ្មានក្របខ័ណ្ឌកងទ័ពទេ គឺជាជនស៊ីវិល ដែលប្រើប្រាស់អាវុធខុសច្បាប់ដូច្នេះត្រូវបញ្ជូនទៅតុលាការក្នុងបទល្មើសប្រើប្រាស់អាវុធខុសច្បាប់ ផ្ទុះអាវុធអនាធិបតេយ្យ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ”

ចំណែកអ្នកបើករថយន្តក្រុងឈ្មោះ ឈឹម គឹមទ្រី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរបើកបររថយន្តក្រុង ក្រុមហ៊ុន បូព៌ាអាស៊ី ដឹកអ្នកដំណើរ។

សមត្ថកិច្ចដដែលបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ មានរថយន្ដក្រុងមួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3D-4903 របស់ក្រុមហ៊ុន បូព៌ាអាស៊ី ដឹកអ្នកដំណើរ បានបើកតាមបណ្តោយផ្លូវលេខ៥៩៨ពីជើងទៅត្បូង ហើយពេលមកដល់កន្លែងកើតហេតុ​បានកៀររថយន្ដម៉ាក ព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AP-1936 បើកបរដោយបុរសម្នាក់ដែលតាំងខ្លួនជាអង្គរក្សខាងលើបណ្តាលឲ្យធ្លាក់កាងមុខតិចតួច ។ ពេលនោះរថយន្ដក្រុងមិនបានឈប់ដោះស្រាយគ្នាទេ បែរជា បន្ដដំណើរ​ទៅមុខទៀត ទើបធ្វើឲ្យអង្គរក្សម្ចាស់រថយន្ដ ព្រូសខឹង ទាញកាំភ្លើងខ្លីម៉ាកឡុក បាញ់ប្រហារ​ពីក្រោយ​តែម្ដង តែមិនមានអ្នកណាម្នាក់រងរបួសនោះទេ គ្រាន់តែធ្លុះធ្លាយផ្នែកខាងក្រោយ​រថយន្តជិត១០កន្លែងប៉ុណ្ណោះ។ បន្ទាប់មករថយន្តក្រុងដឹកអ្នកដំណើរបានឈប់ ហើយសមត្ថ កិច្ចមូលដ្ឋានបានទៅដល់ក៏ឃាត់ខ្លួនអង្គរក្សដៃដល់និងហូតកាំភ្លើង១ដើមទុក ទើបបញ្ជូនទៅ កាន់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បចាត់ការតាមច្បាប់ ។

ខ្មាន់កាំភ្លើងឈ្មោះ អេង កុសល បានរ៉ាយរ៉ាប់ប្រាប់សមត្ថកិច្ច ថា នៅពេលកើតហេតុ ភាគី​រថយន្ដក្រុងខាងលើ បានបុករថយន្ដរបស់គាត់ ហើយមិនឈប់ដោះស្រាយ​គ្នាទេ​បែរជា​បើករត់​ទើបខ្លួនដេញតាមពីក្រោយ ហើយខឹងពេកដកកាំភ្លើងខ្លីបាញ់តែម្ដង បើគាត់ឈប់ដោះស្រាយ​គ្នាមិនអីទេ តែនេះគាត់ឈ្លើយពេក បុកហើយបើករត់ បើកយ៉ាងលឿនទៀត ចុះបើទៅបុក​គេ​ផ្សេង​ទៀត តើយ៉ាងណា?

ចំណែកភាគីអ្នកបើករថយន្តក្រុងវិញ បានបដិសេធថា គាត់មិនបានបើករថយន្តបុក ឬកៀរ​រថយន្ត​ព្រូសនោះទេ គ្រាន់តែគាត់ឃើញរថយន្តព្រូសនោះ ព្យាយាមបើកជែងរថយន្តរបស់​គាត់តែជែងមិនផុត ទើបអ្នកបើករថយន្តព្រូសមានកំហឹងដេញបាញ់រថយន្តគាត់តែម្តង។

យ៉ាងណាក៏ដោយប្រជាពលរដ្ឋបានលើកឡើងថា ការផ្ទុះអាវុធជាច្រើនគ្រាប់ភ្ញាក់ផ្អើល​មួយចំហៀងក្រុងយ៉ាងនេះសមត្ថកិច្ចច្បាស់ជាចាត់ការជននេះតាមច្បាប់មិនអនុគ្រោះឡើយ ព្រោះបើគេ​ប្រៀប​ធៀបនឹងមន្រី្តនគរ​បាលខេត្ត​កណ្តាលម្នាក់ ជាកូនបង្កើតរបស់លោក​រដ្ឋលេខា​ធិការ​ក្រសួងមហាផ្ទៃ បានបាញ់ឡើងលើតែ មួយគ្រាប់សុំបើកផ្លូវយកកូនទៅ​មន្ទីរពេទ្យសោះមាន​ទោសរហូតជ្រុះតំណែង ចុះករណីនេះ បាញ់ដល់ទៅ១០គ្រាប់និងធ្លុះ​ធ្លាយ​រថយន្តគេទៀត តើគួរឲ្យរួចខ្លួនដែរឬទេ ?    អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here