រកឃើញម៉ូតូ៩គ្រឿងគ្មានឯកសារពាក់ព័ន្ធត្រឹមត្រូវ នៅខណ្ឌច្បារអំពៅ

ភ្នំពេញ : កម្លាំងអាជ្ញាធរចម្រុះ ដឹកនាំដោយ​លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ កាលពីវេលារសៀលថ្ងៃទី១៦ សីហា ឆ្នាំ២០១៧ បានបើកការចុះត្រួតពិនិត្យទីតាំងឃ្លាំង​បញ្ចាំ​ម៉ូតូធំៗចំនួន២ទីតាំង ស្ថិតក្នុងសង្កាត់ច្បារអំពៅ១ និងច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ការចុះត្រួតពិនិត្យនេះធ្វើឡើងដោយមានការសម្រសម្រួលឯកភាពពីព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ លោកឡុប ជាប ហើយ ជាលទ្ធផលត្រួតពិនិត្យទាំង២ទីតាំង គឺទី១ នៅនៅផ្ទះលេខ១១០ផ្លូវលេខ៣៦៩ ភូមិដើមចាន់១ សង្កាត់ច្បារអំពៅ២ ម្ចាស់ទីតាំងឈ្មោះ ឡាយ សារុន ភេទស្រីអាយុ៤៣ឆ្នាំ​​ រកឃើញម៉ូតូគ្មានឯកសារគ្រប់គ្រាន់ចំនួន៣គ្រឿង ក្នុងចំណោម៦គ្រឿង។ ចំណែកទីតាំងទី២ កន្លែងស្តុកម៉ូតូបញ្ចាំ របស់ឈ្មោះ ឡាយ សារុន ដដែល នៅផ្ទះលេខ៩៥ ផ្លូវលេខ៦៤៤ ភូមិដើមអំពិល សង្កាត់ច្បារអំពៅ១ រកឃើញម៉ូតូ គ្មានឯកសារគ្រប់​គ្រាន់​ចំនួន៦គ្រឿង ក្នុងចំណោម៧៥គ្រឿង លើម៉ូតូ៨១គ្រឿងដែលបាន​ត្រួតពិនិត្យទាំងស្រុង ។

ក្រោយរកឃើញថាពុំមានឯកសារត្រឹមត្រូវហើយនោះ ម៉ូតូទាំង៩គ្រឿង ត្រូវបញ្ចូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីរក្សាទុកជាបណ្តោះអាសន្នរង់ចាំស្រាវជ្រាវបន្ត ។ ក្នុងនោះដែរ សមត្ថកិច្ចក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់បានបាត់បង់ម៉ូតូ ដោយសារអំពើចោរលួច កាច់ក ឬប្លន់ សូមអញ្ចើញទៅពិនិត្យនៅអធិការដ្ឋាននគរបាលខណ្ឌ ច្បារអំពៅនិងផ្ទៀងផ្ទាត់ឯកសារកម្មសិទ្ធិផង។ ប្រសិនបើត្រឹមត្រូវជារបស់បុគ្គលសាម៉ីប្រាកដ​មែន សមត្ថកិច្ចនឹងធ្វើការប្រគល់ជូនវិញ ៕ អូន ធួក

Leave a Reply

Your email address will not be published. Required fields are marked *