


ភ្នំពេញ៖ បុរសម្នាក់ទើបមកធ្វើជាព្រូរថយន្តនៅម្ដុំសង្កាត់កំបូល បានរយៈពេល៣ថ្ងៃប៉ុណ្ណោះ មិនខឹងមានរឿងអ្វីនោះឡើយ ស្រាប់តែមានរបួសរយះបំពង់កនិងអណ្ដាតធ្ងន់ធ្ងរ និងត្រូវបានគរប្រទះឃើញដើរតាមផ្លូវបេតុង ច្រកចូលរោងចក្រកាត់ដេរយ៉ាកជីង ស្ថិតនៅក្នុងភូមិតាសេក សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៤០នាទីរសៀល ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧។ដោយត្រូវបានគេសង្ស័យថា ធ្វើអត្តឃាតដោយអារកសម្លាប់ខ្លួនឯង ព្រោះតែការញៀនថ្នាំ ប៉ុន្តែប្រពន្ធរបស់គាត់ប្រាប់ថាប្ដីនាងមិនធ្លាប់ប្រើប្រាស់គ្រឿងញៀនទេ នាងសង្ស័យថាប្ដីនាងត្រូវជនពាលចាប់អារក ប្លន់យកលុយកាក់បន្តិចបន្តួចនៅជាប់ខ្លួន ហើយសូម្បីបង្វិចខោអាវក៏បាត់អស់ដែរ។
បុរសនោះឈ្មោះខៀវ សុភី អាយុប្រហែល៣០ឆ្នាំ ហើយមិនដឹងថាមានទីលំនៅក្នុងភូមិដូនអៀត ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។គាត់បានរងរបួសកយ៉ាងដំណំ និងហូរឈាមកក្លាក់ជោគខ្លួន បន្ទាប់មកត្រូវបាននគរបាលបញ្ជូនទៅកាន់មណ្ឌលសុខភាពកំបូលរុំរបួសរួចទើបបញ្ជូនបន្តទៅកាន់មណ្ឌលសុខភាពពោធិ៍ចិនតុងបន្តទៀត។
ប្រជាពលរដ្ឋបាននិយាយថា នៅមុនពេលមានការភ្ញាក់ផ្អើលកើតឡើងគឺពួកគាត់បានឃើញបុរសខាងលើ ដើរតាមផ្លូវបេតុងតែម្នាក់ឯងក្នុងស្ថានភាពរបួសបំពង់កហូរឈាមស្រោចខ្លួន តាំងពីចំណុចមុខតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ស្ថិតនៅក្នុងភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ តាមបណ្ដោយផ្លូវជាតិលេខ៤។បន្ទាប់មកបានដើរចូលទៅតាមច្រកផ្លូវចូលរោងចក្រកាត់ដេរយ៉ាកជីង ស្ថិតនៅក្នុងភូមិតាសេក សង្កាត់កំបូល ទើបបង្កឲ្យមានការឡនណាក់ផ្អើលយ៉ាងខ្លាំង ភ្លាមៗនោះនគរបាលប៉ុស្ដិ៍កំបូលបានចុះទៅកាន់ ទីនោះនាំយកបុរសខាងលើទៅកាន់មណ្ឌលសុខភាពកំបូល ដើម្បីឲ្យគ្រូពេទ្យជួយរុំរបួសមុនពេលបញ្ជូនបន្តទៅ កាន់មណ្ឌលសុខភាពពោធិ៍ចិនតុង។
តាមប្រភពពត៌មានពីកម្លាំងនគរបាលបានសន្និដ្ឋានថាបុរសខាងលើនោះប៉ុនប៉ងធ្វើអត្តឃាតអារកសម្លាប់ខ្លួន ប៉ុន្តែមិនបានសម្រេចដោយ សង្ស័យថាគាត់ញៀនថ្នាំនិងមានសតិមិនគ្រប់ផងដែរ ប៉ុន្តែស្រ្តីជាប្រពន្ធទៅដល៊មណ្ឌលសុខភាព បានប្រាប់ថប្ដីនាងមិនមែនជាមនុស្សញៀនថ្នាំឡើយ។គាត់និងនាងមានកូន២នាក់ហើយដោយសារតែជីវភាពទីទ័លក្រនោះ ប្ដីនាងបានចាកចេញពីស្រុកកំណើតមកធ្វើព្រូរថយន្តនៅម្ដុំកំបូល ទើបតែបាន៣ថ្ងៃប៉ុណ្ណោះ ក៏ជួបរឿងបែបនេះ ហើយនាងសង្ស័ថាត្រូវជនពាលចាប់អារកប្លន់យកលុយដែលមាននៅជាប់ខ្លួនតិចតួច ពេលនេះនាងសុំឲ្យនគរបាលជួយស្រាវជ្រាវផង៕ពោធិ៍សែនជ័យ