មេខ្លោងគ្រឿងញៀន ឧកញ៉ា ស៊ី ឡាឡយ ស្លាប់ដោយជំងឺក្នុងមន្ទីរពេទ្យ រុស្ស៊ី

ភ្នំពេញៈតាមប្រភពច្បាស់ការណ៍មួយ បានទម្លាយថា​ ​មេខ្លោងគ្រឿងញៀន ជាង៥០គីឡូក្រាម​ បានស្លាប់នៅមន្ទីពេទ្យមិត្តភាព កម្ពុជា សូវៀត ដោយសារជំងឺមហារីកខួរក្បាល និងជំងឺអេដស៏​ ហើយលោក​ ស៊ី ឡាឡយ ត្រូវបានមន្រ្តីអនុរក្សពន្ធនាគារ បញ្ជូនមកមន្ទីរពេទ្យនេះ ជាច្រើនលើកសាផងហើយ​ តែមកដល់ពេលនេះ បានស្លាប់ហើយកាលពីល្ងាចថ្ងៃទី២១ សីហា ឆ្នាំ២០១៧ មុនពេលតុលាការកាត់ទោស ។

ប្រភពព័ត៌មានច្បាស់ការ  បានឲ្យដឹងថា ឧកញ៉ា ស៊ី ឡាឡយ ជាម្ចាស់គ្រឿងញៀនទំងន់ ៥៦គីឡូក្រាម​ ដែលកំពុងជាប់ការស៊ើបអង្កេត នៅក្នុងពន្ធនាគារព្រៃស។ រោគសង្គមមហារីកខួរក្បាលនិងអេដស៍ បានយាយីផ្ដាច់ជីវិតមេខ្លោងរូបនេះ ទោះបីគ្រូពេទ្យជំនាញ​ បានខ្នះខ្នែងដាក់ថ្នាំសង្គ្រោះ ក្នុងកំរិតធ្ងន់ធ្ងរ​ ក៏មិនអាចជួយបានដែរ ។

មន្ត្រីពន្ធនាគារ បានអះអាងដែរថា ជនជាប់ចោទឈ្មោះ ស៊ី ឡាឡយ ពិតជាបានស្លាប់ នៅក្នុងមន្ទីរពេទ្យរុស្ស៊ីមែន បន្ទាប់ពីជំងឺសង្គមធ្ងន់ធ្ងរ បានធ្វើទុក្ខ  ហើយខាងពន្ធនាគារ បានបញ្ជូនមកសង្គ្រោះ នៅឯមន្ទីរពេទ្យមិត្តភាព កម្ពុជា សូវៀត ។

សូមរំលឹកថា កាលពីថ្ងៃទី១៨ ឧសភា ឆ្នាំ២០១៧ សមត្ថកិច្ចបានចាប់ខ្លួនឧកញ៉ា ស៊ី ឡាឡយ អាយុ៤៣ឆ្នាំ និងឈ្មោះ លួន សុផា អាយុ៣០ឆ្នាំ ជាជនជាតិឡាវ ខណៈពួកគេនាំយកគ្រឿងញៀន ទម្ងន់សរុប៥៦គីឡូក្រាម ចូលមកក្រុងភ្នំពេញ ដើម្បីលក់ដូរ ។

បន្ទាប់មក កាលពីថ្ងៃទី១៦ សីហា ឆ្នាំ២០១៧ថ្មីៗនេះ នគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ បានសហការជាមួយ​នគរបាលខេត្តស្ទឹងត្រែង  បានចុះអនុវត្តន៍ដីកាបង្គាប់ឲ្យនាំខ្លួន របស់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លេខ៤៧០ ចុះថ្ងៃទី២៥ កក្កដា ២០១៧ បានឃាត់ខ្លួនឈ្មោះ ថង វ៉ាង ពីបទជួញដូរ និងរក្សាទុក ដោយខុសច្បាប់ នូវសារធាតុញៀន ។

ជនសង្ស័យឈ្មោះ ថង វ៉ាង មានមុខរបរជានាយកក្រុមហ៊ុនដឹកជញ្ជូន ថង វ៉ាង  គឺជាអ្នកដឹកជញ្ជូនគ្រឿងញៀន ពីខេត្តស្ទឹងត្រែង យកមកឲ្យឈ្មោះ ស៊ី ឡា ឡយនៅរាជធានីភ្នំពេញ ។

តាមរយៈចម្លើយសារភាព របស់ឧកញ៉ា ស៊ី ឡាឡយ បានឲ្យដឹងថា ការដឹងជញ្ជូនគ្រឿងញៀនកន្លងមក គឺពួកគេប្រគល់ឲ្យក្រុមហ៊ុនដឹកជញ្ជូន ថង វ៉ាង  ជាអ្នកទទួលខុសត្រូវ ក្នុងតម្លៃសេវ៉ាយ៉ាងខ្ពស់ ។

តាមរយៈចម្លើយនេះ សមត្ថកិច្ចបានសុំដីកាពីតុលាការ ដើម្បីឃាត់ខ្លួនឈ្មោះ ថង វ៉ាង នៅខេត្តស្ទឹងត្រែង ហើយបញ្ជូនមកភ្នំពេញ ដើម្បីចាត់ការតាមច្បាប់  ហើយតុលាការ បានឃុំខ្លួននាយកក្រុមហ៊ុននេះ ដាក់ពន្ធនាគាររួចហើយដែរ៕ សំបូរ

 

Leave a Reply

Your email address will not be published. Required fields are marked *