ភ្នំពេញ ៖យុវជនម្នាក់ក្នុងចំណោមមិត្តភក្តិ៣នាក់បានជិះម៉ូតូ១គ្រឿងចេញពីក្នុងក្លឹបហើយក៍ត្រូវចោរមួយក្រុមមានគ្នាជិត១០នាក់បានធ្វើសកម្មភាពវាយប្លន់យកម៉ូតូស៊ុយហ្ស៊ុយគីនិច១គ្រឿងបានសម្រេចហើយជិះគេចខ្លួនដោយសុវត្ថិភាព។
អំពើវាយប្លន់ខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ នៅចំណុចមុខសាលាបឋមស្សិក្សាភ្នំពេញថ្មី តាមបណ្តោយផ្លូវ ភ្នំពេញ-ហាណូយ កែងផ្លូវ២៨គ្រួសារ ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ តាមសម្តីជនរងគ្រោះឈ្មោះ ជុំ ស៊ីផាត ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរសិស្ស ស្នាក់ផ្ទះជួល សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានស្រុកកំណើត ភូមិកំពង់ប្រាសាទ ឃុំឆែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា មុនពេលកើតហេតុ ខ្លួននិងមិត្តភ័ក្តិ២នាក់ទៀតបានជិះម៉ូតូ១គ្រឿងម៉ាក ស៊ុយហ្ស៊ុយគីនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CU-6804 ចេញពីរាំលេងនៅក្លឹបហ្គោល ឡាញត្រង់ចំណុច ផ្លូវលេខ១៩៨៦ដោយធ្វើដំណើរតាមបណ្តោយផ្លូវភ្នំពេញ-ហាណូយ ទិសដៅពីត្បូងទៅជើង។ លុះដល់ចំណុចខាងលើ ស្រាប់តែលេចមុខជនសង្ស័យមួយក្រុម មានគ្នាប្រមាណជិត១០នាក់ ជិះម៉ូតូ៣គ្រឿង តាមមកពីក្រោយស្ទាក់ផ្លូវឲ្យឈប់ចុះវាយប្លន់ដណ្តើមយកម៉ូតូពីគាត់ បានសម្រេចហើយជិះគេចទៅបាត់អស់ ។
ក្រោយកើតហេតុ ជនរងគ្រោះបានរត់ទៅសាលាខណ្ឌសែនសុខដើម្បីឲ្យគេជួយទើបមានការភ្ញាក់ផ្អើលដល់នគរបាលប៉ុស្តិ៍ភ្នំពេញថ្មីចុះទៅពិនិត្យនៅកន្លែងកើតហេតុហើយបាននាំជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញដើម្បីស្រាវជ្រាវនិងកំណត់មុខសញ្ញាងាយស្រួលក្នុងការតាមចាប់ខ្លួនក្រុមជនសង្ស័យទាំងនោះមកផ្តន្ទាទោសតាមច្បាប់ ៕ អូន ធួក

