ក្រុមម៉ូតូឌុបវាយគ្នាបែកក្បាលរឿងដណ្តើមម៉ូយ ប្តឹងដណ្តើមយកត្រូូវរៀងខ្លួន

ភ្នំពេញ: នគរបាលប៉ុស្តិ៍ស្ទឹងមានជ័យហាក់ដូចជាវិលក្បុង ខណៈមនុស្ស៤នាក់ទៅដាក់​ពាក្យ​បណ្តឹងយកត្រូវរៀងៗខ្លួនក្នុងករណីពីរផ្សេងគ្នា បន្ទាប់ពីពួកគេបង្កហិង្សាដាក់គ្នារហូតមាន​របួសស្នាម​ក្នុងជម្លោះដណ្តើមម៉ូយម៉ូតូឌុប ហើយពួកគេជជែកយ៉ាងតឹងសរសៃក ទោះបីសមត្ថ​កិច្ចរារាំងមិនឲ្យរំខានក្នុងការសាកសួរម្តងម្នាក់ក៏ដោយ ។

ហេតុការណ៍ឈ្លោះប្រកែកគ្នារហូតមានការប្រើអំពើហិង្សារបួសស្នាមទាំងសងខាងនេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃ២៤ ខែសីហា ឆ្នាំ២០១៧ នៅចំណុចមុខ​ច្រមុះជ្រូកស្ទឹងមានជ័យ ផ្លូវមុនីរ៉េត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដែលជាកន្លែង​ក្រុមម៉ូតូឌុប និងរ៉ឺម៉កម៉ូតូរង់ចាំម៉ូយ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ណ ណាត ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅបន្ទប់ជួលក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ រាជធានីភ្នំពេញ បានប្តឹងឈ្មោះ គា អាយុ៣៧ឆ្នាំ មុខរត់ម៉ូតូឌុប ថា ជាជនបង្ក​ផ្តើមចេញពីការដណ្តើមម៉ូយគ្នាវាយគាត់ឲ្យបែកក្បាល ។

ប្រភពដដែលបានឲ្យដឹងទៀតថា ខណ:ពេលដែលសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ​កំពុងតែសរសេរពាក្យបណ្តឹងគូទំនាស់ទី១មិនទាន់ចប់សព្វគ្រប់ផងនោះ ស្រាប់តែប៉ុន្មាននាទី​ក្រោយមកមានគូទំនាស់មួយគូទៀតដឹកគ្នាមកប្តឹងសមត្ថកិច្ចយកត្រូវរៀងខ្លួន ដោយមានអ្នក​ខ្លះបែកក្បាលហូរឈាម និងអ្នកខ្លះប៉ង់ស៊ីម៉ង់ក្បាល និងជជែកគ្នាយ៉ាងតឹងសរសៃក ធ្វើឲ្យ​មានភាពរញេរញ៉ៃពេញប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ ដោយភាគីម្ខាងៗមកដាក់ពាក្យបណ្តឹង​រកត្រូវរៀងៗខ្លួន ធ្វើឲ្យសមត្ថកិច្ចឈឺក្បាលទាំងព្រឹកតែម្តង ។

យ៉ាងណាសមត្ថកិច្ចបានត្រឹមធ្វើកំណត់ហេតុ និងសួរចម្លើយមនុស្សទាំង៤នាក់នោះ រួចបញ្ជូន​ទៅកាន់អធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ដើម្បីចាត់ការតាមនិតិវិធី​ប៉ុណ្ណោះ៕ អូន ធួក

Leave a Reply

Your email address will not be published. Required fields are marked *