មក​ពី​លេង​ផ្ទះ​ម្ដាយ​វិញ​ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​កិន​ស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធម៌

 

 

 

 

ភ្នំពេញ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​មក​ពី​លេង​នៅ​ម្ដាយ​ត្រូវ​រថយន្ដ​មិន​ស្គាល់​ម៉ាក​បើក​កៀ​រ​ដួល​ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​មួយ​គ្រឿង​ទៀត​បើក​មក​ពី​​ក្រោយ​កិន​ពាក់​កណ្ដាល​ខ្លួន​ស្លាប់​ភ្លាម​ៗ​នៅ​និង​កន្លែង យ៉ាង​អាណោច​អាធម៌​ហើយ​រថយន្ត​បង្ក​បើក​រត់​គេច​ខ្លួន​បាត់​​សម្រោល ។ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​គួរ​អោយ​រន្ធត់​ខាង​លើ​នេះបាន​កេីត​ឡេីង​នៅ​វេលា​ម៉ោង​១០​និង​២០​នាទី​យប់ ថ្ងៃ​ទី​២៥ ខែ​សីហា ឆ្នាំ​២០​១៧ នៅ​តាម​បណ្ដោយ​ផ្លូវ​៣០​ម៉ែត្រ ស្ថិត​ក្នុង​ភូមិ​ទ្រា​៤ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មាន​ជ័យ រាជ​ធានី​ភ្នំពេញ ។

យុវ​ជន​រងគ្រោះ​ដែល​ស្លាប់​បាត់​បង់​ជីវិត​ខាង​លើ ត្រូវ​បាន​បង​ស្រី​បង្កើត​ប្រាប់​ឲ្យ​ដឹង​ថា​ឈ្មោះ ឈឹម ចាន់រះ អាយុ២៤ឆ្នាំ មុខ​របរ​ធ្វើ​ស្រែ រស់​នៅ​ភូមិ​តាង៉ក ឃុំ​រំចេក ស្រុក​ព្រះ​ស្ដេច ខេត្ត​ព្រៃវែង និង​ជា​ម្ចាស់​ម៉ូតូ​ម៉ាក​ហុង​ដា​ឌ្រីម ស៊េរី​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1DC-4336 ។

តាម​សម្ដី​បង​ស្រី​យុវជន​រងគ្រោះ​បាន​ប្រាប់​ទាំង​ទឹក​ភ្នែក​ថា មុន​ពេល​កើត​ហេតុ ប្អូន​របស់​គាត់​(ជា​ជន​រងគ្រោះ​)​បាន​មក​ពី​លេង​ផ្ទះ​ម្ដាយ​បង្កើត​នៅ​ឯ​គីឡូ​ម៉ែត្រ​លេខ​៦ ក្នុង​ខណ្ឌ​ឬស្សី​កែវ ហើយ​បំណង​មក​លេង​និង​សម្រាក​ផ្ទះ​គាត់​(ផ្ទះ​បង​ស្រី)​នៅ​ម្ដុំ​ផ្លូវ​វេង​ស្រេង ក្នុង​សង្កាត់​ចោម​ចៅ ដោយ​ជន​រងគ្រោះ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ផ្លូវ​កើត​ហេតុ​ខាង​លើ​ក៏​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​រថយន្ត​មិន​ស្គាល់​ម៉ាក​បើក​បុក​ម៉ូតូ​និង​កិន​យុវ​ជន​រងគ្រោះ​ស្លាប់​នៅ​និង​កន្លែង​តែ​ម្ដង ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បា​នអោយ​ដឹង​ថា យុវជន​រងគ្រោះ​បាន​ជិះ​ម៉ូតូ​តែ​ម្នាក់​ឯង ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​កើត​ហេតុ​​ខាង​លើ ហើយ​ត្រូវ​បាន​រថយន្ត​មួយ​គ្រឿង​មិន​ស្គាល់​ម៉ាក បើក​ទៅ​ប៉ះ​ម៉ូតូ​ជន​រង​គ្រោះ​កំពុង​ធ្វើ​ដំណើរ​ពី​ក្រោយ​បណ្ដាល​ឲ្យ​ដួល ធ្វើ​ឲ្យ​ម៉ូតូ​ខ្ទាត​ទៅ​កណ្ដាល​ទ្រូង​ផ្លូវ។ចំណែក​យុវ​ជន​រងគ្រោះ​ខ្ទាត​មក​កណ្ដាល​ផ្លូវ​ចំហៀង​ម្ខាង ស្រប​ពេល​នោះ​ក៏​មាន​រថយន្ត​មិន​ស្គាល់​ម៉ាក​មួយ​គ្រឿង​ទៀត​បើក​មក​ពី​ក្រោយ​ជ្រុល​ចង្កូត​មក​កិន​ពាក់​កណ្ដាល​ខ្លួន​ជន​រងគ្រោះ​កំពុង​តែ​ដួល បណ្ដាល​ឲ្យ​គ្រាំ​គ្រឿង​ក្នុង ស្លាប់​ភ្លាម​ៗ​នៅ​និង​កន្លែង​កើត​ហេតុ ។

ក្រោយ​កើត​ហេតុ​ភ្លាម​ៗ រថយន្ត​បង្ក​ទាំង​ពីរ​គ្រឿង​បាន​បើក​គេច​ខ្លួន​បាត់​អស់ ដោយ​ពុំ​មាន​អ្នក​ដេញ​តាម​ឡើយ ។ បន្ទាប់​មក​ប្រជា​ពលរដ្ឋ​បាន​ទំនាក់​ទំនង​ទៅ​សាច់​ញាតិ​ជន​រងគ្រោះ​បាន​ចុះ​មក​ដល់​កន្លែង​កើត​ហេតុ ​ឃើញ​មាន​បង​ប្អូន​បង្កើត​និង​ម្ដាយ​បង្កើត​មក​យំ​​ត្រសោប​ឱប​កូន​និង​ប្អូន​ទាំង​ក្ដី​អា​ឡោះ​អា​ឡៃ ។

បច្ចុប្បន្ននេះ​កម្លាំង​នគរ​បាល​​មូល​ដ្ឋាន​បាន​ធ្វើ​ឯកសារ​ប្រគល់​សព​ជន​រងគ្រោះ រួម​ទាំង​ម៉ូតូ ឲ្យទៅសាច់ញាតិក្រុមគ្រួសារដឹកយកទៅស្រុកកំណើតចាត់ចែង និងធ្វើបុណ្យតាមប្រពៃណី ៕​បញ្ញា​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *