បុរសម្នាក់ស្រវឹងស្រា បើករថយន្តបុក​ទ្រូងផ្លូវរប៉ាត់រប៉ាយពេញផ្លូវ ជិតរង្វង់មូលចោមចៅ

ភ្នំពេញៈ រថយន្តម៉ាកមីតស៊ុយប៊ីហ្ស៊ីមួយគ្រឿង ត្រូវម្ចាស់ ស្រវឹងស្រាជោកជាំ បាន​បើក ក្នុងល្បឿនលឿនទៅ បុករបាំងថ្មពុះចែកទ្រូងផ្លូវ​ពេញទំហឹង បណ្ដាលឲ្យខ្ទាតរប៉ាត់​រប៉ាយពេញផ្លូវ កាលពី​វេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រ​ឈានចូលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ នៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី​ ជិតរង្វង់មូលចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ តែពុំបណ្តាលឲ្យមនុស្សណាម្នាក់រងគ្រោះនោះទេ គ្រាន់តែខ្ទេចមុខ​រថយន្តប៉ុណ្ណោះ ។

ប្រភាពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាក MITSUBISHI ពាក់ស្លាកលេខ ភ្នំពេញ 2A 7598 មួយគ្រឿងបើកបរដោយបុរសស្រវឹងស្រាម្នាក់ បានធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន ។លុះពេលមកដល់កន្លែងកើតទំនងអ្នកបើកបរស្រវឹងខ្លាំងគ្រប់គ្រងស្មារតីលែងបានក៏បុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹងរហូតបែកកង់តែរថយន្តមិនព្រមឈប់ហើយព្យាយាមបើករត់ក៏ទៅបុករះរបាំងថ្មខ្ទាតចេញពីគ្នា ជាច្រើនកង់រប៉ាត់រប៉ាយពេញផ្លូវ រហូតអូសប្រមាណ១០០ម៉ែត្រ ទើបរថយន្ត​ទៅមុខលែងរួច ហើយម្ចាស់ចេញពីរថយន្តគេចខ្លួនបាត់តែម្តង ។

ក្រោយ​កើតហេតុរថយន្តបង្ក ត្រូវ​បាន​សមត្ថកិច្ចនគរបាលចរាចរចុះទៅ​វាស់វែងនិងស្ទូចយក​ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានី ដើម្បីចាត់ការតាមនីតិវិធី​ពេល​ក្រោយ៕ ប្រពៃ

 

Leave a Reply

Your email address will not be published. Required fields are marked *