




ភ្នំពេញ ៖ ជនសង្ស័យជិត២០នាក់បាន ដេញកាប់ប្លន់យកម៉ូតូពីយុវជន២នាក់ដែលទើបតែចេញពីក្លឹប បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសស្រាលម្នាក់ នាវេលាម៉ោង៣និង៣០យប់ឈានចូល ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ នៅចំណុចមុខ វិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ហើយត្រូវសមត្ថកិច្ចដេញតាមចាប់បានជនសង្ស័យ៦នាក់ បន្ទាប់ពីកើតហេតុភ្លាមៗ ។
សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះដែលស្លាប់មានឈ្មោះ ហេង ហួត ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាចុងភៅនៅខារ៉ាអូខេ ស្នាក់នៅក្នុងហាងខារ៉ាអូខេ ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន និងមានស្រុកកំណើតនៅភូមិបងបក់ ឃុំបងបក់ ស្រុកកំពង់ទ្រាច ខេត្តកំពត ជាអ្នកអង្គុយពីក្រោយ ចំណែកជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ ឆោម ប៊ុនឆៃ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាអ្នកកម្ម៉ង់ម្ហូបក្នុងហាងខារ៉ាអូខេជាមួយគ្នា ស្នាក់នៅម្តុំត្រឡោកបែក ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោកនិងមានស្រុកកំណើរនៅស្រុកដងទង់ ខេត្តកំពត រងរបួសស្រាល ។
រីឯជនសង្ស័យទាំង៦នាក់ដែលឃាត់ខ្លួនបាន ទី១.វេង វាសនា ភេទប្រុស អាយុ១៧ឆ្នាំ ទី២.អ៊ឹម ចាន់រតនា ភេទប្រុស អាយុ១៧ឆ្នាំ ទី៣.កង ស៊ីធាន ភេទប្រុស អាយុ១៨ឆ្នាំ ទី៤.ទេព ឈាងហៃ ភេទប្រុស អាយុ១៨ឆ្នាំ ទី៥.បូ សុខបញ្ញា ភេទប្រុស អាយុ១៧ឆ្នាំ ទី៦.សុខវ៉ាន់ សុធាសិទ្ធ អាយុ១៨ឆ្នាំ ។ ក្រៅពីឃាត់ខ្លួនជនសង្ស័យបាន៦នាក់ ដកហូតបាន ម៉ូតូ២គ្រឿង ម៉ាកហុងដាឌ្រីមមួយគ្រឿង ម៉ាកនិចមួយគ្រឿង ដាវ១ដើម ។
បើតាមសម្តីពីជនរងគ្រោះជាម្ចាស់ម៉ូតូប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះទាំងពីរនាក់ បានជិះម៉ូតូមួយគ្រឿងម៉ាក ស៊ុយហ្ស៊ុយគីលែត ពណ៌ស អត់ចាំស្លាកលេខ ទើបតែចេញមកពីក្លឹប ស្រាប់តែមានក្រុមជនសង្ស័យជាង១០នាក់ ជិះម៉ូតូចំនួនប្រាំគ្រឿងមិនចាំម៉ាក បានជិះដេញវាយពួក ធ្វើឲ្យពួកគេទាំងពីរនាក់ បានជិះរត់គេចខ្លួនរហូតទៅដល់មុខ វិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន ស្រាប់តែក្រុមជនសង្ស័យបានកាប់ទៅលើជនរងគ្រោះ ដែលអង្គុយក្រោយមួយដាវរងរបួសធ្ងន់ បណ្តាលឲ្យដួលម៉ូតូ ហើយជនសង្ស័យបានកាប់ទៅលើជនរងគ្រោះបន្ថែមទៀត បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ។ ចំណែកគាត់ជាម្ចាស់ម៉ូតូពេលបានដួលម៉ូតូភ្លាមៗ បានងើបរត់ចោលម៉ូតូរងរបួសស្រាល រីឯម៉ូតូត្រូវជនសង្ស័យលើកជិះយកទៅបាត់ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់ និងទាក់ទងហៅរថយន្តសង្គ្រោះបន្ទាន់ឲ្យមកដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ តែជាអកុសលពេលដែលបញ្ជូនទៅដល់មន្ទីរពេទ្យ ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់៕ អូន ធួក