ប្រធានសាលាដំបូងខេត្តកណ្តាលដោះលែងអ្នកលាយឡេលក់តាម Online គ្រាដែលលោកចៅក្រមស៊ើបសួរសុំឲ្យឃុំខ្លួន

0
176

កណ្តាល៖ នៅវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧នេះ ប្រធានសាលាដំបូងខេត្តកណ្តាល លោក ហុក វ៉ាន់ធីណា បានសម្រេចជាថ្មី ឲ្យអ្នកលក់ឡេតាម Online ដែលគេស្គាល់ថាឈ្មោះ Love Riya បាននៅក្រៅឃុំបណ្តោះអាសន្ន ដើម្បីរង់ចាំសវនាការថ្ងៃក្រោយ គ្រាដែល ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជខេត្តកណ្តាល លោក សាយ សម្ផស្សសេរីចោទប្រកាន់បើកការស៊ើបសួរ តាមមាត្រា១៧ និងមាត្រា៦៣ នៃច្បាប់ស្ដីពីការគ្រប់គ្រង គុណភាពនិងសេវា និងសុំឲ្យឃុំខ្លួនបណ្តោះអាសន្ន កាលពីម្សិលមិញនេះ ។

តាមមាត្រា១៧ នៃច្បាប់នេះចែងថា “ត្រូវបានហាមឃាត់ដាច់ខាត ការក្លែងផលិតផលទំនិញ ដែលធ្វើជាកម្មវត្ថុពាណិជ្ជកម្ម ឬទុកសម្រាប់ធ្វើពាណិជ្ជកម្ម ដោយធ្វើការកែច្នៃ ផលិតផលទំនិញ ដោយរបៀបណាមួយ ដោយធ្វើការបញ្ចូលបន្ថែម ការដកចេញឬប្តូរជំនួស នៃភាគណាមួយ ឬភាគទាំងមូល ដែលពុំត្រូវបានអនុញ្ញាត ឱ្យធ្វើដោយបទបញ្ញតិឬទម្លាប់ បើពុំមានបទបញ្ញតិ ឬដែលសមស្រប ទៅនឹងបទបញ្ញតិ ” ។

មាត្រា៦៣វិញចែងថា “ទោសនេះត្រូវបានផ្តន្ទាទោស ដាក់ពន្ធនាគារពី១ខែទៅ១ឆ្នាំ និងពិន័យជាប្រាក់ពី៥លានរៀល ទៅ១០លានរៀល” ។

សូមបញ្ជាក់ថា នគរបាលនាយកដ្ឋាន ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២៨ ខែសីហាបានបង្រ្កាបនៅគេហដ្ឋានរបស់ស្រ្តីនេះផ្ទាល់តែម្តង ស្ថិតនៅក្នុងសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ស្រ្តីរូបនេះ មានឈ្មោះពិតថា ឆេង ស្រីរ័ត្ បញ្ជូនតារាលក់ឡេលាបស្បែកតាម Facebook ជាមួយករណីលក់ផលិតផលក្លែងក្លាយ នាំឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ សុខភាពស្បែករបស់អ្នកប្រើប្រាស់ ។

ការឃាត់ខ្លួន បានធ្វើឡើងបន្ទាប់ពីស្រ្តីរូប បានលក់ផលិតផល ដែលគ្មានការចុះបញ្ជី ឬត្រួតពិនិត្យគុណភាពឲ្យបាន ច្បាស់លាស់ ពីស្ថាប័នពាក់ព័ន្ធនោះឡើយ។ ជាពិសេសផលិតផល ឡេដែលស្រ្តីរូបនេះលក់ និងអះអាងថា ជួយឲ្យស្បែកស ក្នុងរយៈពេល៧ថ្ងៃនោះ ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់សុខភាពស្បែក របស់អ្នកប្រើប្រាស់ ៕ ប្រសើរ

 

LEAVE A REPLY

Please enter your comment!
Please enter your name here