ប្លន់ពីរករណីក្នុងមួយយប់នៅខណ្ឌទួលគោក ស្លាប់ម្នាក់ ឯ៣នាក់បាត់ទ្រព្យក្នុងខ្លួន

ភ្នំពេញៈ នៅខណ្ឌទួលគោកកើតមានអំពើប្លន់ពីរករណី នៅរំលងអធ្រាត្រឈានចូលថ្ងៃទី៣១ ខែ សីហា ឆ្នាំ ២០១៧ បណ្តាលឲ្យស្លាប់បុរសជានាយករងសាលាម្នាក់ ឯ៣នាក់ទៀតបាត់បង់គ្រឿងអលង្ការពីខ្លួន និង ទូរស័ព្ទ៣គ្រឿង ។

ប្រភពព័តមានពីសមត្ថកិច្ចនគរបាលខណ្ឌទួលគោកបានឲ្យដឹងថា ករណីទី១កើតឡើងនៅអំឡុងម៉ោង១ រំលងអធ្រាត្រនៅមាត់ទ្វាររបងសាលាបឋមសិក្សាទួលគោក​ សង្កាត់បឹងកក់១​ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ​ លោកឆន​ ណុប​ ភេទប្រុស​ អាយុ៥២​ ឆ្នាំ​ មុខរបរនាយករង និងជានាយកស្ដីទីសាលាបឋមសិក្សាទួលគោក(ពៅអ៊ុំ)​ ត្រូវជនសង្ស័យមានគ្នាមិនតិចជាង២ នាក់យកដំបងវាយក្បាលបណ្តាលឲ្យស្លាប់ រួចប្លន់យកម៉ូតូម៉ាកសង់សេ១២៥​ ពណ៌ខ្មៅ​ ស៊េរីឆ្នាំ២០១៦មួយគ្រឿង ស្លាកលេខភ្នំពេញ​ 1FP-4752 ទូរស័ព្ទដៃ១គ្រឿង​ និងកាបូបលុយ​មួយ បានសម្រេច គ្រាដែលលោកជិះម៉ូតូចេញពីហូបចុកជាមួយមិត្តភក្តិមកដល់សាលា ហើយ ហៅប្រពន្ធឲ្យបើកទ្វារ តែគ្មានកូនសោចាក់។

ករណីទី២នៅអំឡុងម៉ោង២រំលងអធ្រាត្រថ្ងៃដដែលយុវជនប្រុសស្រី៣នាក់ ពេលចេញហូបបបរនាំគ្នាដើរមកដល់ក្បែរផ្ទះ ត្រូវជនសង្ស័យ​៣នាក់ ជិះម៉ូតូ២គ្រឿងមកកៀកឲ្យ​ឈប់ រួចដកកាំភ្លើងភ្ជង់ប្លន់គ្រឿងអលង្ការ និងទូរស័ព្ទ​ចំនួន៣គ្រឿង​ បានសម្រេច ហើយជនសង្ស័យជិះគេចខ្លួនដោយសុវត្ថិភាព​មិនរំខានដល់សមត្ថកិច្ចឡើយ​ នៅ​តាមបណ្ដោយផ្លូវលេខ២២៥កែងនិងផ្លូវ១៤៦ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក​ ។

អំពើប្លន់នៅក្នុងរាជធានីភ្នំពេញហាក់បានកម្រើកវិញហើយ គ្រាដែលសមត្ថកិច្ច ហាក់ដេកលក់ មិនព្រមចេញល្បាតក្នុងមូលដ្ឋាននោះ ៕ អូន ធួក

Leave a Reply

Your email address will not be published. Required fields are marked *