ភ្នំពេញ៖តៃកុងរថយន្ត២នាក់នឹងនាក់លក់ប្រេងម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ខណៈដែលពួកគាត់កំពុងលួចបូមប្រេងលក់ ម្ចាស់ទៅទាន់ឃាត់អោយនគរបាលប៉ុស្តិ៍។ហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោង ៥នឹង៣០នាទីល្ងាចថ្ងៃទី១ខែកញ្ញា ឆ្នាំ២០១៧ នៅ មុខខ្លោងទ្វាសាលាបឋមសិក្សាវត្តគោគបញ្ជាន់ ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេងក្នុងភូមិចោមចៅ សង្កាត់ចោមចៅខណ្ឌពោធិ៍សែន។
ជនសង្ស័យត្រូវបានគេស្គាល់ទី១ឈ្មោះសួង សាន្ត ភេទប្រុសអាយុ ៤០ឆ្នាំមុខរបរបើករថយន្តស្នាក់នៅក្នុងការាស់រថយន្តភូមិភូមត្រពាំងជ្រៃសង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យមាស្រុកកំណើតនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ទី២ឈ្មោះសាយ រតនាភេទប្រុស អាយុ១៩ឆ្នាំមុខរបរបើករថយន្តស្នាក់នៅក្នុងការាស់ជាមួយគ្នាមានស្រុកកំណើតនៅស្រុកត្រាំងកក់ខេត្តតាកែវនឹងអ្នកលក់ប្រេងម្នាក់ឈ្មោះ សិត សុខហេង ភេទប្រុសអាយុ៣០ឆ្នាំមុខរបរទិញប្រេងតូបនៅមុខសាលាបឋមសិក្សាវត្តគោគផ្លូវវេងស្រេង។
តាមសម្ដីបុរសជាម្ចាស់រថយន្តបាននិយាយថានៅមុនពេលកើតហេតុ រូបគាត់កំពុងតែបើករថយន្តគោលបំណងទៅផ្ទះនៅផ្សារដេប៉ូស្រាប់តែឃើញ រថយន្តរបស់គាត់ចំនួន២គ្រឿងកំពុងចតនៅតាមបណ្តោយផ្លូវវេងស្រេងដែលនៅចំកន្លែងបូមប្រេងលក់។ បន្ទាប់មករូបគាត់បានចុះមកមើលហើយឃើញអ្នកទិញនិងតៃកុងរថយន្តរបស់គាត់កំពុងបូមប្រេងលក់ខណៈនោះរូបគាត់យកទូរស័ព្ទថតទុក។រួចរត់ទៅប្ដឹង នគរបាលប៉ុស្តិ៍ចោមចៅមកអន្តរាគមន៍ឃាត់តៃកុងរថយន្តរបស់គាត់២នាក់និងអ្នកទិញដែលកំពុងបូមប្រេងយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅភ្លាមៗផងដែរ។
ក្រោយពេលកើតហេតុខាងលើជនសង្ស័យទាំ៣នាក់ត្រូវនគរបាលប៉ុស្តិ៍សួរនាំចំណែកម្ចាស់រថយន្តបានដាក់បណ្តឹងដើម្បីអោយធ្វើតាមច្បាប់ បន្ទាប់មកនគរបាលប៉ុស្តិ៍ចោមចៅបានកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌ៕សារ៉េត