ដុតទៀនធូបសែនកុងម៉ារួចចេញទៅបាត់ ភ្លើងឆេះផ្អើលទាំងព្រឹក

ភ្នំពេញ ៖មានអគ្គិភ័យមួយបានឆាបឆេះកុងម៉ា ខណៈដែលម្ចាស់ អុចធូបទៀន ទុកចោល នៅលើអសនៈ ខាងក្នុងផ្ទះ រួចនាំគ្នាចេញ​ទៅក្រៅបាត់ បង្ក ការភ្ញាក់ផ្អើលទាំងព្រឹក។ ​

អគ្គិភ័យនេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុច ខាងក្រោយផ្សារប៉េសេថ្មី ផ្ទះលេខ២៤ដេ ផ្លូវ៦៩បេតេ ក្រុមទី៧ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ ហើយត្រូវបាន ប្រជាពលរដ្ឋ និងកម្លាំងប្រជាការពារ សង្កាត់បឹងទំពុន នាំគ្នាវាយបំបែកកញ្ចក់ទ្វារ ដើម្បីចូលទៅបាញ់ទឹកពន្លត់ទាន់។

បើតាមសម្តីម្ចាស់ផ្ទះនេះបានឲ្យដឹងថា មុនពេលកើតហេតុក្រុមគ្រួសាររបស់គាត់បាន​រៀបចំពិធីសែនព្រេនថ្ងៃសីល​គួបផ្សំថ្ងៃនេះជាថ្ងៃសែនក្បាលទឹកផងក៏បានអុជទៀនធូប នៅលើអសនៈក្នុងផ្ទះ រួចនាំគ្នាចេញទៅក្រៅបាត់ដោយបាន ចាក់សោទ្វាពីខាងក្រៅផង។ លុះមួយសន្ទុះក្រោយមក ស្រាប់តែអ្នកជិតខាង បានឃើញផ្សែងហុយ​ ចេញពីក្នុង ផ្ទះជាន់ទី១ ទើបនាំគ្នាស្រែកឆោឡោផ្អើលឮដល់ប្រជាពលរដ្ឋ រួមនឹងកម្លាំងប្រជាការពារសង្កាត់បឹងទំពុន នាំគ្នា យកបំពង់ពន្លត់អគ្គិភ័យ ចូលទៅបាញ់ពន្លត់ តែផ្ទះជាប់សោ ក៏នាំគ្នាវាយបំបែកកញ្ចក់ទ្វារ បង្អួចទើបចូលទៅក្នុងបានរួចយកបំពង់ពន្លត់អគ្គិភ័យ ចំនួន៧បំពង់បាញ់កន្លែងឆេះទើបរលត់ទៅវិញជាស្ថាពរ។យ៉ាងណាករណីនេះមិនបណ្តាលឲ្យឆេះរាលដាលទ្រព្យសម្បត្តិក្នុងផ្ទះទាំងមូលនោះទេ គាន់តែបំផ្លាញអាសនៈមានដង្វាយផ្លែឈើ និងទៀនធូបតិចតួចប៉ុណ្ណោះ ៕ អូន ធួក

 

Leave a Reply

Your email address will not be published. Required fields are marked *