ក្រុមជនសង្ស័យបាញ់នគរបាលព្រហ្មទណ្ឌ ខណ្ឌ៧មករា រងរបួសធ្ងន់

0
156

ភ្នំពេញៈនៅ ម៉ោង១០និង៣០នាទីយប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧ នេះ នៅម្ដុំវិទ្យាល័យព្រះយុគន្ធរ តាម​បណ្ដោយ​ផ្លូវព្រះសីហនុ កែងផ្លូវលេខ១០៥ស្ថិតក្នុងសង្កាត់បឹងកេងកង២ ខណ្ឌចំការមន មានជនដៃដល់ពីរនាក់ បាញ់​ជនរង​គ្រោះ​ជាសមត្ថកិច្្ចណ្តាលឲ្យរបួសធ្ងន់។

ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ជី រដ្ឋ អាយុ៣១ ឆ្នាំ ជាមន្រី្តនគរបាលព្រហ្មទណ្ឌ​ខណ្ឌ៧មករា មានទីលំនៅសង្កាត់ ផ្សារដេប៉ូ២ ខណ្ឌចំការមន បានរងការបាញ់ប្រហារពីជន​មិន​ស្គាល់មុខ ចំនួន២ គ្រាប់ ប៉ុន្តែត្រូវតែមួយគ្រាប់ចំទ្រូងខាង​ឆ្វេង ត្រូវបានកម្លាំងសមត្ថកិច្ច​ដូចគ្នា​ដឹកយកទៅសង្រ្គោះនៅមន្ទី្ទរពេទ្យភ្លាមៗ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបាន ជិះម៉ូតូល្បាតក្នុងមូលដ្ឋានដើម្បីការពារសន្តិសុខជូនប្រជាពលរដ្ឋឲ្យមានសុវត្ថិភាពល្អ។ លុះ ពេលជិះមកដល់កន្លែងកើតហេតុ តាមបណ្តោយផ្លូវព្រះសីហនុកែងផ្លូវលេខ១០៥ ក្នុងសង្កាត់បឹងកេកកង២ ខណ្ឌចំការមន(ព្រំប្រទល់ខណ្ឌ៧មករា)ពីលិចទៅកើត ស្រាប់តែវាក់ នឹងក្រុមជនសង្ស័យពីរនាក់ដែលគេសង្ស័យថាជាមុខសញ្ញាចោរប្លន់ ជិះម៉ូតូមិនស្គាល់ម៉ាកនិង​ស្លាកលេខមួយគ្រឿងឌុបគ្នា ហើយដោយឃើញលោក ជី រដ្ឋ ជិះម៉ូតូតែម្នាក់ឯងក្រវាត់កាំភ្លើង​ខ្លីនៅនឹងចង្កេះ ក្រុមជនសង្ស័យបានដកកាំភ្លើងខ្លីម៉ាក កា៥៤ បាញ់ពីរគ្រាប់សំដៅជនរងគ្រោះ ជាសមត្ថកិច្ចយ៉ាងសាហាវ ដោយមួយគ្រាប់ត្រូវចំឆ្អឹងជំនីរខាងឆ្វេង និងមួយគ្រាប់មិនត្រូវ តែហោះទៅត្រូវទ្វារផ្ទះប្រជាពលរដ្ឋក្នុងសង្កាត់បឹងព្រលឹត ក្នុងទឹកដីខណ្ឌ៧មករា បណ្ដាល​ឲ្យធ្លុះ និងចាត់ទុកជាសំណាងដែរដែលមិនមានប្រជាពលរដ្ឋណាម្នាក់រងរបួសឬបាត់បង់ជីវិត​ក្នុង​ការបាញ់ប្រហារតដៃគ្នានេះទេ ។

ប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថា បន្ទាប់ពីជនសង្ស័យបាញ់សមត្ថកិច្ច​ឲ្យរបួសហើយ​នោះ ជនរងគ្រោះបានដកកាំភ្លើងខ្លីបាញ់តបតវិញពីរគ្រាប់ដែរ តែមិនត្រូវធ្វើឲ្យក្រុម​ជន​សង្ស័យបាន​​ជិះម៉ូតូគេចខ្លួនបាត់ដោយសុវត្ថិភាពតែម្តង ។ចំណែកសមត្ថកិច្ចដែលរងរបួសធ្ងន់ ត្រូវបាន​កម្លាំងសមត្ថកិច្ចដូចគ្នា ដឹកតាមម៉ូតូយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗ និងបានរើសយកសម្បកគ្រាប់កាំភ្លើងរបស់ជនសង្ស័យចំនួន២គ្រាប់ទុកធ្វើកោសល្យវិច័យ ងាយស្រួលរកមុខជនសង្ស័យចាប់មកផ្តន្ទាទោសតាមច្បាប់ឲ្យបាន ៕អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here