ភ្នំពេញ៖ រថយន្តកុងតឺន័រមួយគ្រឿងបើកឆ្លងផ្លូវបុករថយន្តហ្វតសេរ៊ីទំនើបខូចមួយចំហៀងជ្រុលធ្លាក់ប្រឡាយទឹកបុករ៉ាស់ដើមឈើបាក់អស់មួយដើម។ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលវេលាម៉ោង ៥នឹង៤០នាទីល្ងាចថ្ងៃទី៦ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវ ជាតិលេខ៤ម្តុំលក់សាច់ក្រក់ស្ថិតនៅភូមិត្រពាំងគល់សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។
អ្នកបើកបររថយន្តបង្កមិនត្រូវបានគេស្គាល់ឈ្មោះនោះទេ ដោយជិះរថយន្តប្រភេទកុងតឺន័រ ម៉ាកហុីយ៉ាន់ដាយ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ3B-7773។ចំណែកឯអ្នកបើកបរមិនត្រូវបានគេស្គាល់ឈ្មោះដូចគ្នា ដោយជិះរថយន្តម៉ាក ហ្វតរ៉េងជ័រ ពណ៌សពាក់ស្លាកលេខភ្នំពេញ1AP-6918។
តាមប្រភពព័ត៌មានពីកន្លេងកើតហេតុបាននិយាយថា នៅមុនពេលកើតហេតុគេឃើញរថយន្តរងគ្រោះម៉ាកហ្វតរ៉េងជ័រពណ៌សបើកបរដោយបុរសម្នាក់នឹងនាក់រួមដំណើរ៤នាក់ទៀតសរុប៥នាក់ក្នុងនោះមានស្រ្តីម្នាក់បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីកើតទៅលិចយ៉ាងលឿន។លុះមកដល់កន្លែងកើតហេតុស្រាប់តែឃើញរថយន្តប្រភេទកុងតឺន័របើកបរក្នុងទិសដៅពីលិចទៅកើតហើយឆ្លងផ្លូវ ខណៈនោះរថយន្តហ្វតរ៉េងជ័រខាងលើបានបើកគេចទៅខាងស្តាំរបស់ខ្លួន។ចំណែកឯរថយន្តកុងតឺន័របានបើកឆ្លងផ្លូវទាំងល្បឿនលឿនក៏ជ្រុលទៅបុករថយន្តរងគ្រោះចំហៀងខាងឆ្វេងបណ្តាលអោយបើងខ្ទាតទៅចញ្ចើមផ្លូវម្ខាង។រីឯរថយន្តបង្កបុកដើមអំពិលទឹកបារាំងជ្រុលធ្លាក់ប្រឡាយ តែសំណាងល្អមិនបង្កអោយគ្រោះថ្នាក់ដល់អាយុជីវិតនណាម្នាក់ឡើយ។
ក្រោយពេលកើតហេតុគេឃើញកម្លាំងនគរបាលមូលដ្ឋានចុះទៅកន្លែងកើតហេតុដើម្បីធ្វើចរាចរណ៍ព្រមទាំងទំនាក់ទំនងនគរបាលជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យធ្វើការវាស់វែងនឹងយកទៅរក្សាទុករងចាំការដោះស្រាយគ្នាតាមផ្លូវច្បាប់៕សារ៉េត