ម៉ូតូ​នឹង​ម៉ូតូ​បុកគ្នាពេញទំហឹងបណ្ដាលអោយបុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុនិងពីរនាក់ទៀតរងរបួសធ្ងន់

 

 
ភ្នំពេញ៖បុរសម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មនិង២នាក់ទៀតបានរងរបួសយ៉ាងធ្ងន់ ខណៈ​ដែល​ម៉ូតូ​ទាំង​២គ្រឿងជិះបញ្ច្រាសទិសគ្នាបុកពេញទំហឹង​ស្រប​ពេលដែលស្ថានភាពផ្លូវមួយចំហៀងត្រូវបានបិទបណ្តោះអាសន្នកំពុងជុសជួល ។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨និង៤០នាទីយប់ថ្ងៃទី៦ខែកញ្ញា ឆ្នាំ២០១៧ ស្ថិត​នៅតាមបណ្តោយផ្លូវជាតិលេខ២​ក្នុងសង្កាត់ចាក់អង្រែលើខណ្ឌមានជ័យ។

តាម​ប្រភព​ព័ត៌មានពី​កន្លែង​កើត​ហេតុ​បាន​អោយ​ដឹង​ថា​ សាក​សព​ជន​រង​គ្រោះ​ដែលស្លាប់បាត់បង់ជីវិតខាងឡលើត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ យី សំអឿន អាយុ៣០ឆ្នាំ មុខរបរជាងសំណង ស្នាក់នៅសង្កាត់​ចាក់អង្រែលើខណ្ឌមានជ័យ។មាន​ស្រុក​កំណើតនៅភូមិត្រពាំងកំផ្លៀង ឃុំអង្គភ្នំតូច ស្រុកអង្គជ័យ ខេត្តកំពត ធ្វើដំណើរដោយម៉ូតូម៉ាក ស៊ុយសូគី ស្មាកវី ស្លាកលេខតាកែវ1E-6414 បើកបរម្នាក់ឯងក្នុងទិសដៅពីជើងទៅត្បូង។ ចំណែក​ឯ​បុរស២នាក់ទៀតដែលរងរបួសធ្ងន់ធ្ងរមិនត្រូវបានស្គាល់អត្តសញ្ញាណទេត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅមន្ទីពេទ្យភ្លាមៗ ជនរងគ្រោះទាំង២នាក់នេះជិះម៉ូតូមួយគ្រឿងម៉ាកសុី​រូស ពណ៌​ខ្មៅស្លាកលេខភ្នំពេញ1BI-6215 បើកបរក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន។

តាម​ប្រភពដដែល​បានអោយដឹង​ទៀត​ថា​នៅ​មុន​ពេលកើតហេតុគេឃើញម៉ូតូស៊ុយសូគីស្មាស់​របស់ជនរងគ្រោះដែលស្លាប់បានបើកបរបញ្ច្រាសទិសចរាចរណ៍ ដោយសារតែផ្លូវមួយចំហៀងកំពុង​ជួសជួលត្រូវបិទ។ លុះមកដល់ចំណុចកើតហេតុស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកសុីរូកខាងលើជិះគ្នា២នាក់បើកយ៉ាងលឿនក៏បានជ្រុលទៅបុកគ្នាពេញទំហឹងបណ្តាលអោយម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ​នឹង​២នាក់របួសធ្ងន់តែម្តង។

ក្រោយពេលកើតហេតុភ្លាមៗមានរថយន្ត​សង្គ្រោះ​ចំនួន​២គ្រឿងបានដឹកជនរងគ្រោះទៅ​ព្យាបាល​នៅមន្ទីរពេទ្យ ។ចំណែកឯ​បុរសម្នាក់ដែលបានស្លាប់បាត់បង់ជីវិតត្រូវបានសាច់ញាតិមកទទួលយកទៅផ្ទះដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។ រីឯម៉ូតូទាំង២គ្រឿង​ត្រូវ​កម្លាំង​នគរ​បាល​ជំនាញ​ធ្វើ​ការវាស់វែងយកទៅរក្សាទុកនៅនគរបាលចរាចរណ៍ជើងគោករាជធានីភ្នំពេញបណ្តោះអាសន្នដើម្បីរងចាំការដោះស្រាយនៅពេលក្រោយ៕​សារ៉េត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *