ភ្នំពេញ: រថយន្តហាយឡេនឌ័រមួយគ្រឿងបានរងការខូចខាតមួយកំណាត់មុខ ដោយសារក្មេងស្ទាវ២នាក់ ជិះម៉ូតូដេញកាប់គ្នាជាមួយបក្ខពួកម្ខាងទៀតក្នុងល្បឿនលឿន គេចរថយន្តហាយទ្បេនឌ័រ មិនផុតក៏ត្រូវបានបុកចំពីមុខរថយន្តពេញទំហឹង រងរបួសធ្ងន់ទាំង២នាក់តែម្តង។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតទ្បើងកាលពីវេលាម៉ោង១២និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តម កែងផ្លូវលេខ១០៦ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជនពីរក្រុមមានគ្នាប្រហែលជា៣ទៅ៤គ្រឿង បានជិះម៉ូតូប្រសេចប្រសាចពេញផ្លូវដោយម្នាក់ៗនៅដៃកាន់កាំបិតនិងដាវដេញកាប់គ្នាយ៉ាងសាហាវក្នុងល្បឿនលឿន។ លុះមកដល់ចំណុចកើតហេតុគេឃើញរថយន្តហាយទ្បែនឌ័រមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AM-9664 បើកបរទិសដៅពីត្បូងទៅជើងក្នុងល្បឿនយឺតៗ ធ្វើឲ្យ យុវជន២នាក់ជិះម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ស លាយខៀវ ពាក់ស្លាកលេខ កំពង់ចាម 1Q-5992 ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនវាក់នឹងរថយន្ត ចាប់ហ្វ្រាំងមិនទាន់ក៏ បានបុកចំពីមុខរថយន្តពេញទំហឹងបណ្តាលឲ្យរថយន្តខ្ទេចខាងមុខយ៉ាងដំណំ។ ចំណែកម៉ូតូរងការខូចខាតផ្នែកខាងមុខទាំងស្រុងដែរ។ រីឯយុវជនទាំង២នាក់ដួលរងរបួសធ្ងន់ត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យភ្លាមៗដោយបន្សល់ទុក នៅកន្លែងកើតហេតុដាវសាំម៉ូរ៉ៃ២ដើម ធ្លាក់ចេញពីម៉ូតូ។
ក្រោយពេលកើតហេតុម្ចាស់រថយន្តហួសចិត្ត និងខ្ជិលមានបញ្ហាវែងឆ្ងាយ ក៏សម្របសម្រួលស្មើភាពគ្នា ដោយគ្មានអ្នកណាសងអ្នកណា រួចក៏បានបើករថយន្តចេញបាត់ ចំណែកឯម៉ូតូនិច និងដាវសាំម៉ូរ៉ៃ២ដើមនោះ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលវត្តភ្នំរង់ចាំដោះស្រាយតាមច្បាប់ពេលក្រោយ ៕អូន ធួក
