លួចម៉ូតូបាន ស៊យម៉ូតូអស់សាំង ប្រជាពលរដ្ឋចាប់បាន សំបងសល់តែដង្ហើមចង្រឹត

ភ្នំពេញៈជនសង្ស័យជំនាញខាងលួចម៉ូតូម្នាក់ បានធ្វើសកម្មភាពបានសម្រេចទៅហើយ  តែជាអកុសលម៉ូតូនោះបានអស់សាំង ធ្វើឲ្យ​ប្រជាពលរដ្ឋតាមទាន់នាំគ្នា ចាប់បានវាយទក់សាច់បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ និង៣០នាទីល្ងាច ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧ នៅត្រង់ចំណុចបន្ទប់ជួល ផ្លូវលេខ៦២R ក្រុម៤ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលជំនាញខាងកាច់សោកម៉ូតូម្នាក់នេះ ឈ្មោះ យន់ ណាមិច ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ។ ចំណែកឯជនរងគ្រោះឈ្មោះ មិក មិនា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួលជាន់ទី២ តាមបណ្តោយផ្លូវលេខ៦២R ក្រុម៤ ភូមិទួលគោក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ជាម្ចាស់ម៉ូតូ ម៉ាកហុងដា ZoomerX ស៊េរីឆ្នាំ២០១៦ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GA-1483 ។

បើតាមសម្តីជនរងគ្រោះបានប្រាប់សមត្ថកិច្ចឲ្យដឹងថា នៅមុនពេលកើតហេតុគឺអំឡុង វេលា​ម៉ោង៦ និង៣០នាទីព្រលប់ថ្ងៃកើតហេតុរូបគាត់បានចេញពីកន្លែងធ្វើការ ដោយជិះ​ម៉ូតូ១គ្រឿង ខាងលើ ក្នុងគោលបំណងត្រឡប់ទៅផ្ទះជួល វិញនៅឯសង្កាត់ទួលសង្កែ១។ ខណៈជិះមកដល់ចំណុចកើតហេតុ គាត់បានទុកម៉ូតូនៅមុខផ្ទះ ដោយភ្លេចដកកូនសោចេញពីម៉ូតូទេ ហើយក៏រត់ឡើងទៅបន្ទប់ជួលជាន់ទី២ ដើម្បីទៅយកលុយទៅទិញម្ហូបហូបបាយពេលល្ងាច។ លុះពេលរត់ចុះមកក្រោមវិញ ស្រាប់តែក្រឡេកមើលម៉ូតូមិនឃើញម៉ូតូនៅកន្លែងចតទុកនោះទេទើបគាត់ស្រែកឆោឡោថា បាត់ម៉ូតូខ្ញុំហើយៗ!  គ្រាន់តែឮសម្រែកនេះភ្លាម បងប្អូនប្រជាពលរដ្ឋនៅក្បែរនោះប្រាប់ថា មុននេះបន្តិច ឃើញមានជនសង្ស័យម្នាក់ចូលមគបានបណ្តើរម៉ូតូមួយគ្រឿងចេញទៅបាត់ហើយ។ ក្រោយពីទទួលបានដំណឹងនេះភ្លាម រូបគាត់ក៏បានជិះម៉ូតូតាមរក ស្រាប់តែប្រទះឃើញ​ជនសង្ស័យខាងលើ កំពុងតែបណ្តើរម៉ូតូរបស់គាត់រកកន្លែងចាក់សាំងគាត់ក៏បានស្រែកថា ចោរៗ ហើយរំពេចនោះ ក៏ត្រូវបានបងប្អូនប្រជាពលរដ្ឋនាំគ្នាដេញចាប់បាន វាយម្នាក់មួយដៃមួយជើង បណ្តាលឲ្យជនសង្ស័យស្ទើរតែផុតដង្ហើម តែសំណាងល្អ ត្រូវសមត្ថកិច្ចមកទាន់ ចាប់ឃាត់ខ្លួនយកទៅប៉ុស្ តិ៍នគរបាលទួលសង្កែដើម្បីការ​សាកសួរ​៕អូន ធួក

Leave a Reply

Your email address will not be published. Required fields are marked *