











ខេត្តព្រះសីហនុ ៖ តារាចម្រៀងល្បីនៅព្រះរាជាណាចក្រកម្ពុជាលោក ណយ វ៉ាន់ណេត ជិះរថយន្តតាក់សុីទៅបុកម៉ូតូធ្វើដំណើរបញ្ច្រាសទិសគ្នាពេញទំហឹងបណ្ដាលអោយនារីម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុនិងម្នាក់ទៀតរងរបួសធ្ងន់។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៩:៣០នាទីយប់ថ្ងៃទី៩ខែកញ្ញាឆ្នាំ២០១៧ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ចន្លោះKMលេខ ១៥១-១៥២ ក្នុងភូមិសឹ្ទងឆាយខាងជើង ឃុំសឹ្ទងឆាយ ស្រុកកំពង់សិលា។
ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ផុន ប៊ុនលាភ ភេទប្រុស អាយុ ២២ឆ្នាំ(រងរបួសធ្ងន់បាក់ជើងទាំងពីរ)និងអ្នករួមដំណើរជិះពីក្រោយឈ្មោះ ណោ ស្រីនាង ភេទស្រី អាយុ ២០ឆ្នាំ (ស្លាប់នៅនឹងកន្លែងកើតហេតុ)អ្នកទាំងពីររស់នៅភូមិថី្ម ឃុំកំពង់សិលា ស្រុកកំពង់សិលាខេត្តព្រះសីហនុមុខរបរធ្វើការនៅរោងចក្រតំបន់សេដ្ឋកិច្ចពិសេសឃុំបិតត្រាំងខេត្តព្រះសីហនុដោយជិះម៉ូតូម៉ាកM S X មិនចាំស្លាកលេខ។ចំណែកឯម្ចាស់រថយន្តបង្កមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេរត់គេចខ្លួនបាត់ស្រមោលបន្សស់ទុកតែរថយន្តកាំម៉ារីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ 2AD-0120 អ្នករួមដំណើរក្នុងរថយន្តមានចំនួន ០៥នាក់ ក្នុងនោះ របួសធ្ងន់១នាក់ ឈ្មោះ ណយ វ៉ាន់ណេត ភេទប្រុស អាយុ ៥៩ឆ្នាំ មុខរបរតារាចម្រៀង បច្ចុប្បន្នស្នាក់នៅ ភូមិឫស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក MSX មានគ្នា២នាក់ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត(ខេត្តព្រះសីហនុទៅភ្នំពេញ)។លុះមកដល់កន្លែងកើតហេតុគេឃើញរថយន្តបង្កម៉ាកCAMERY បាឡែនធ្វើដំណើរ ក្នុងទិសដៅពីកើតទៅលិច(ភ្នំពេញទៅខេត្តព្រះសីហនុ)ស្រាប់តែរ៉េចង្កូតជ្រុលទៅបុកម៉ូតូជនរងគ្រោះពេញទំហឹងបណ្ដាលអោយនារីម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុនិងម្នាក់ទៀតរងរបួសធ្ងន់។បន្ទាប់មកអ្នកបើកបររថយន្តបង្កហេតុឃើញសកម្មភាពបែបដូច្នោះបានបើកទ្វារតរត់គេចខ្លួនបាត់ស្រមោលបន្សស់ទុកតែរថយន្តបង្កព្រមទាំងលោកណយវ៉ាន់ណេត តារាចម្រៀងល្បីនៅព្រះរាជាណាចក្រកម្ពុជានឹងអ្នករួមដំណើរផ្សេងទៀត។
ក្រោយពីកើតហេតុគេឃើញកងកម្លាំង អាវុធហត្ថស្នាក់ការសន្តិសុខ ៤០២ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់សិលាចុះទៅកន្លែងកើតហេតុដើម្បីធ្វើចរាចរណ៍ព្រមទាំងទំនាក់ទំនងរថយន្តសង្គ្រោះដឹកជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល។ដោយឡែកសាកសពជនរងគ្រោះត្រូវកម្លាំងនគរបាលសហការជាមួយកម្លាំងកងរាជអាវុធប្រគល់ទៅអោយក្រុមគ្រួសារនៃសពយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯគេហដ្ឋាន។រីឯវត្ថុតាងទាំងពីរស្ទួចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សិលាដើម្បីដោះស្រាយតាមផ្លូវច្បាប់៕សារ៉េត