ជិះម៉ូតូចុះពីលើស្ពានអាកាសស្ទឹងមានជ័យ​ជ្រុល​ទៅបុកឃឿនផ្លូវបណ្ដាល​អោយ​ស្លាប់​ម្នាក់​រង​របួស​ធ្ងន់​ស្រាល​២នាក់​

 

 

 

ភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់ដ៏គួរអោយរន្ធត់នៅកន្លែងកើតហេតុ និង២នាក់ទៀតរងរបួសធ្ងន់ស្រាល ខណៈពួកគេជិះម៉ូតូឌុបគ្នាចុះពីលើស្ពានអាកាសស្ទឹងមានជ័យយ៉ាងលឿន ជ្រុល​ទៅ​បុកឃឿនផ្លូវ។ហេតុការណ៍​នេះ​បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃ១៣ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅក្រោមស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុមានឈ្មោះ សោង បុផា អាយុប្រហែល២០ឆ្នាំ រស់នៅភូមិឡាំដាំ ស្រុកកោះកំពិក ខេត្តកោះកុង ។ ចំណែកជនរងគ្រោះដែលរបួសធ្ងន់និងស្រាលមិនបានស្គាល់អត្តសញ្ញាណនោះទេ ភ្លាមៗត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅឯមន្ទីពេទ្យឯកជន ។

តាមប្រភព​ព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតគេសង្កេតឃើញយុវជន​ទាំង​៣នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ZOOMER X បិតស្កុតស ពាក់ស្លាកលេខ តាកែវ 1N-9537 បានជិះឌុបគ្នាចុះពីលើស្ពានអាកាសស្ទឹងមានជ័យទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ខណៈមកដល់ចំណោតផ្លូវកោង មិនបានបន្ថយល្បឿន ក៏ជ្រុលទៅ​បុក​ឃឿនផ្លូវយ៉ាងពេញទំហឹង បណ្ដាលឲ្យយុវជនម្នាក់ដួលបាក់ ករ ស្លាប់យ៉ាងអាណោចអាធម៌ រីឯ​២នាក់ទៀតដែលអង្គុយពីក្រោយបានរងរបួសធ្ងន់ស្រាល ។
ក្រោយពេលកើតហេតុ ជនរងគ្រោះដែេលរបួសធ្ងន់ស្រាល ត្រូវបានរថយន្ត​សង្គ្រោះ​មកដឹកយកទៅ​ព្យាបាល​នៅឯមន្ទីពេទ្យឯកជនភ្លាមៗ ។ ចំណែកសពត្រូវបានសមត្ថកិច្ចមូលដ្ឋានចុះមកធ្វើកោសល្យវិឆ័យ រួចអោយរថយន្តដឹកសពយកទៅដំកល់នៅក្នុងវត្តទឹកថ្លា រងចាំទាក់ទងសាច់ញាត្តិក្រុមគ្រួសារ យកទៅបូជាតាមប្រពៃណី ។ ដោយឡែកម៉ូតូត្រូវបាន​នគរបាល​ជំនាញខាងចរាចរណ៍ ចុះមកធ្វើការវាស់វែង យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ រងចាំដោះស្រាយនៅពេលក្រោយ៕បញ្ញា​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *