ភ្នំពេញ៖ បុរសម្នាក់បើករថយន្តឡិចសុីសគេចពីម៉ូតូក៏ជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលអោយរងការខូចខាត់អស់ចំនួនមួយកង់ហើយរថយន្តដាច់កាឡេទៅមុខលែងរូចតែម្តង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី១២ខែកញ្ញាឆ្នាំ២០១៧ នៅមុខក្រសួងការងារ តាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរុស្សីុ ស្ថិតក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកឡិចសុីស ពណ៌ទឹកស្ករ ពាក់ស្លាកលេខភ្នំពេញ2J 6610 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយមហាវិថីសហព័ន្ធរុស្សុីក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុក៏បានគេចពីម៉ូតូមួយគ្រឿងដែលបើកបរខាងមុខ រួចទាញចង្កូតទៅខាងឆ្វេងទើបជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលអោយបែកកង់ខាងឆ្វេងទៅមុខលែងរូច។ចំណែករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាតអស់ចំនួនមួយកង់តែមិនមានអ្នករងរបួសនោះទេ។
ក្រោយពេលកើតហេតុកម្លាំងនគរបាលមូលដ្ឋានបានចុះទៅដល់ចំណុចកើតហេតុនិងទំនាក់ទំនងទៅនគរបាលជំនាញចរាចរណ៍ជើងគោករាជធានីមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុករងចាំដោះស្រាយតាមច្បាប់៕សារ៉េត