


ភ្នំពេញ: ជនបរទេសអន្តោប្រវេសន៍ជិត៣០នាក់ដែលឆ្លងដែនចូលមកស្នាក់និងធ្វើការនៅក្នុងប្រទេសកម្ពុជាត្រូវបានកម្លាំងនគរបាលនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃធ្វើការស្រាវជ្រាវឈានដល់ឃាត់ខ្លួនជាបណ្តោះអាសន្នដើម្បីត្រួតពិនិត្យឯកសារពាក់ព័ន្ធក្នុងការចូលមកស្នាក់នៅធ្វើជាពលករក្នុងប្រទេសកម្ពុជា ។
ប្រតិបត្តការចុះត្រួតពិនិត្យនេះបានធ្វើឡើងនៅរសៀលថ្ងៃទី២២ ខែវិច្ឆិការ ឆ្នាំ២០១៦ នៅគោលដៅ២ផ្សេងគ្នា ,គោលដៅទី១-ធ្វើឡើងនៅសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ដឹកនាំដោយលោកឧត្តមសេនីយ៍អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ រកឃើញជនបរទេសអន្តោប្រវេសន៍ភាគច្រើនជាជនជាតិវៀតណាមចំនួន២០នាក់ស្រីម្នាក់ចូលមកស្នាក់នៅធ្វើការខុសច្បាប់ និងគោលដៅទី២-ធ្វើឡើងនៅខេត្តបាត់ដំបងរកឃើញជនបរទេសអន្តោប្រវេសន៍ចូលមកស្នាក់នៅធ្វើការខុសច្បាប់ចំនួន៧នាក់ភាគច្រើនជាជនជាតិវៀតណាម ។
លោកឧត្តសេនីយ៍ទោអ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធីបានអោយដឹងថា អនុវត្តតាមការណែនាំរបស់សម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងមានការណែនាំបន្ថែមពីឯកឧត្តមនាយឧត្តមសេនីយ៍អគ្គស្នងការរងនគរបាលជាតិទទួលបន្ទុកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ កម្លាំងនគរបាលនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបើកប្រតិបត្តិការជាបន្តបន្ទាប់ចុះស្រាវជ្រាវត្រួតពិនិត្យជនបរទេសអន្តោប្រវេសន៍ដែលចូលមកស្នាក់និងធ្វើការក្នុងប្រទេសកម្ពុជា ។ ជាលទ្ធផលយើងបានរកឃើញជនបរទេសអន្តោប្រវេសន៍ខុសច្បាប់ជាច្រើនជាតិសាសន៍ចូលមកធ្វើការនិងស្នាក់នៅគ្មានឯកសារគ្រប់គ្រាប់ស្របទៅតាមច្បាប់អន្តោប្រវេសន៍ ក្នុងនោះជនជាតិវៀតណាមច្រើនជាងគេ។ បន្ទាប់ពីធ្វើការត្រួតពិនិត្យរកឃើញថាគ្មានឯកសារគ្រប់គ្រាន់ កម្លាំងនគរបាលនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបំពេញបែបបទបញ្ជូនទៅក្រសួងមហាផ្ទៃដើម្បីស្នើសុំការសម្រេចជាចុងក្រោយបណ្តេញជនបរទេសអន្តោប្រវេសន៍ទៅប្រទេសដើមវិញ ។ សម្រាប់ជនបរទេសអន្តោប្រវេសន៍ជិត៣០នាក់ដែលសមត្ថកិច្ចចុះត្រួតពិនិត្យរកឃើញនៅគោលដៅ២ផ្សេងគ្នានេះកំពុងតែចាត់ការតាមនីតិវិធីច្បាប់អន្តោប្រវេសន៍របស់កម្ពុជា…និយាយរួមគឺបំពេញសំណុំបែបបទទៅក្រសួងមហាផ្ទៃដើម្បីបញ្ជូនខ្លួនជនបរទេសអន្តោប្រវេសន៍ទាំង២៧នាក់ភាគច្រើនជាជនជាតិវៀតណាមទៅប្រទេសដើមវិញ ៕សិរសា