




រាជធានីភ្នំពេញ ៖ ស្ត្រីមានផ្ទៃពោះជិតគ្រប់ខែម្នាក់ដោយសារតែភាពឆោតល្ងង់នឹងការខ្វះមុខខ្វះក្រោយ ពិសេសក្នុងរដូវបុណ្យភ្ជុំបិណ្ឌ នេះ ទើបដាច់ចិត្តលួចលុយមិត្តភក្តិ ដែលជាកម្មការីរោងចក្រដូចគ្នា តែសំណាងល្អ មានអ្នកជួយអន្តរាគមន៍សុំអោយដោះលែងស្ត្រីនេះ នៅរដូវបុណ្យភ្ជុំ ។ ហេតុការណ៍នេះ បានកើតមានឡើងនៅ ចំណុចផ្ទះជួល ស្ថិតតាមផ្លូវប៉េតុង ក្រុមទី១៧ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ កាលពីវេលាម៉ោង១៤ និង ៣០នាទីរសៀលថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០១៧ ។
ស្ត្រីដែលរពិសដៃមិនគិតថាខ្លួនមានជាប់ទោសទណ្ឌខាងលើ មានឈ្មោះ គីម ហ័ង អាយុ២៣ឆ្នាំ មុខរបរជាកម្មការីរោងចក្រ មានទីលំនៅផ្ទះជួល ក្នុងភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ ។ ដោយឡែក ស្ត្រីរងគ្រោះ មានឈ្មោះប៊ិន យ៉េង អាយុ៣៧ឆ្នាំ ស្នាក់នៅទីតាំងកើតហេតុ ។ អ្នកទាំង២ ជាកម្មការី ធ្វើការរោងចក្រជាមួយគ្នា ហើយស្ត្រីជាជនសង្ស័យឧស្សាហ៍ចេញចូលមកលេងផ្ទះជនរងគ្រោះញឹកញាប់ណាស់ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុអោយដឹងថា ដំបូងឡើយ ស្ត្រីខាងលើ បានមកលេងផ្ទះស្ត្រីរងគ្រោះ តាំងពីម៉ោង ៧ព្រឹកថ្ងៃខែឆ្នាំកើតហេតុ ដោយជិះម៉ូតូឌុបមកលេង ។ លុះដល់វេលាម៉ោង១៤ និង ០០នាទីរសៀល ស្ត្រីរងគ្រោះបានយកទូរស័ព្ទរបស់ខ្លួនដែលខូចយកទៅអោយជាងទូរស័ព្ទជួសជុល ដោយមុន ពេលចាកចេញពីផ្ទះស្ត្រីរងគ្រោះ មានផ្តែផ្តាំផ្ញើរ ស្ត្រីជាជនសង្ស័យអោយជួយមើលផ្ទះសម្បែងផង និងបានប្រាប់ អោយជួយមើលលុយរបស់ខ្លួនផងចំនួន ៤០០ដុល្លារ គឺទុកនៅលឺទូរទស្សន៍ ។ ប្រភពព័ត៌មានបន្តថា លុះស្ត្រីរង គ្រោះត្រឡប់មកពីធ្វើទូរស័ព្ទវិញ បានដើរទៅមើលលុយដែលទុកនៅលើទូរទស្សន៍ ស្រាប់តែពុំឃើញ ហើយក៏បានសួរទៅជនសង្ស័យថា មានឃើញលុយរបស់ខ្លួនទេ .? ភ្លាមនោះជនសង្ស័យ បានបដិសេធថា ខ្លួនពុំ បានដឹងនោះទេ ប៉ុន្តែ មុនពេលជនរងគ្រោះចេញទៅបន្តិច ខ្លួនបានទៅតាមក្រោយដើម្បីទិញទឹកសុទ្ធហូប លុះពេលត្រឡប់មកវិញ ស្រាប់តែឃើញបុរសម្នាក់ជិះម៉ូតូមកឈប់នៅមុខផ្ទះកើតហេតុ ហើយដើរចូលទៅក្នុងផ្ទះ រួចដើរចេញមកវិញ ហើយជិះទៅបាត់តែម្តងទៅ ។ ប៉ុន្តែចម្លើយរបស់ជនសង្ស័យ ធ្វើអោយស្ត្រីរងគ្រោះ មិនជឿ និងមិនអស់ចិត្តឡើយ ។
ក្រោយការសាកសួរនាំតាំងពីរសៀលដល់ក្បាលល្ងាចរួចមក ជនសង្ស័យនៅតែប្រកាន់គោលជំហរថាខ្លួនមិនបាន លួចលុយដែលបាត់នោះទេ ជាហេតុធ្វើអោយជនរងគ្រោះ សម្រេចនាំជនសង្ស័យទៅកាន់ប៉ុស្តិ៍រដ្ឋបាលនគរបាល ស្ទឹងមានជ័យ ដើម្បីសុំអោយសមត្ថកិច្ចជួយអន្តរាគមន៍សាកសួរនាំដេញដោល ។ ក្រោយការសាកសួរនាំយ៉ាង ល្អិតល្អន់របស់នគរបាល តាំងពីវេលាក្បាលព្រលប់ រហូតដល់ម៉ោងជាង ១២រំលងអាធ្រាត្រ ទើបស្ត្រីជាជន សង្ស័យព្រមសារភាពថា ខ្លួនបានយកលុយនោះប្រាកដមែន ដោយបានយកលេខទូរស័ព្ទមិនដំណើរការមួយខ្សែ វេរតាមរយៈគណនេយ្យ វីង ចូលទៅកាន់លេខទូរស័ព្ទរបស់ខ្លួន ។
សូមបញ្ជាក់ថា មូលហេតុ ដែលនាំអោយសមត្ថកិច្ចប្រើប្រាស់ពេលវេលាយូរក្នុងការសាកសួរនាំដេញដោល អោយជនសង្ស័យឆ្លើយសារភាព ព្រោះមិនមានភស្តុតាង និងសាក្សី បានត្រឹមដឹងលឺដំណើររឿង លុះវេលាជិត ម៉ោង១២រំលងអាធ្រាត្រ ប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងកើតហេតុ បានបាញ់រូបវីឌីអូរ កាម៉េរាសុវត្ថិភាព ចូលទៅកាន់ទូរស័ព្ទរបស់សាច់ញាតិជនរងគ្រោះ ដោយប្រទះឃើញជនសង្ស័យនៅក្នុងនោះ មានទាំងសកម្មភាព ដើរចេញមកក្រៅដោយមានកាន់ថង់ខ្មៅផងនោះ ទើបស្ត្រីជាជនសង្ស័យព្រមឆ្លើយសារភាពចំពោះមុខសមត្ថកិច្ច ទទួលស្គាល់ថាខ្លួនបានយកលុយដែលបានបាត់ប្រាកដមែន ។
ជុំវិញហេតុការណ៍ខាងលើនេះដែរ លោកម៉ម វ៉ានស្ថាបនិកគេហទំព័រដំណឹងយប់មិញ ដែលបានចុះទៅយកព័ត៌មានស្តីពីសកម្មភាពចោរពោះធំខាងលើនេះ មានក្តីអាណិតអាសូរដល់ស្ត្រីជាជនសង្ស័យ រូបលោកក៏បានសុំអង្វរ.ក ដល់ម្ចាស់លុយ ដោយជួយចេញសងជម្ងឺចិត្តឲ្យម្ចាស់លុយចំនួន ១០០ដុល្លារ ហើយសំណូមពរអោយម្ចាស់លុយដកពាក្យបណ្តឹង និងសំណូមពរដល់សមត្ថកិច្ច ឲ្យធ្វើការអប់រំដល់ស្ត្រីរូបនេះ ដើម្បីដោះលែងអោយមានស៊េរីភាពនៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌដោយរូបគាត់ជាមនុស្សកំពុងមានផ្ទៃពោះជិតគ្រប់ខែឆ្លងទន្លេទៅហើយ ។ ជាមួយគ្នានោះដែរ សមត្ថកិច្ចក៏បានធ្វើការ អប់រំហើយអោយស្ត្រីជាជនសង្ស័យខាងលើ ធ្វើកិច្ចសន្យាឈប់រពិសដៃដើរលួចទ្រព្យរបស់អ្នកដទៃបន្តទៅទៀត ប្រសិនបើ មានជាមានសកម្មភាពនេះជាលើកទី២នោះ សមត្ថកិច្ចមិនមានការអនុគ្រោះទៀតឡើយ។
គួរបញ្ជាក់ថា ដោយសាររដូវនេះ ជារដូវបុណ្យភ្ជុំបិណ្ឌ តាមផ្លូវទំនៀមទន្លាប់ប្រពៃណីសាសនា ប្រែតទាំងឡាយ ក៏ត្រូវបានយមរាជ ដោះលែងអោយមានស៊េរីភាពផងដែរ ហេតុដូច្នេះហើយ ទើបលោកម៉ម វ៉ាន នឹកឃើញដល់ ទំនៀមទន្លាប់ប្រពៃណីសាសនាបែបនេះ ទើបលោកសុខចិត្តចេញមុខអន្តរាគមន៍ជួយ អោយមានការដោះលែង ស្ត្រីជាជនសង្ស័យរូបនេះ អោយបានទៅស្រុកកំណើតជួបជុំបងប្អូន និងក្រុមគ្រួសារ ក្នុងរដូវបុណ្យភ្ជុំបិណ្ឌ ដូចប្រជាពលរដ្ឋទូទៅ ៕បញ្ញា