ភ្នំពេញៈ នាយកដ្ឋាននគរបាលចរាចរណ៍សណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានចេញរបាយការណ៍ឲ្យដឹងថា នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧បានឲ្យដឹងថាក្នុងរយៈពេលត្រឹមតែ៣ថ្ងៃចុងក្រោយ នៃពិធីបុណ្យភ្ជុំបិណ្ឌ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើងចំនួន៥២លើក ស្លាប់មនុស្ស២៦នាក់ ក្នុងនោះមាននារី៤នាក់ និងរបួសធ្ងន់ស្រាល៩០នាក់។ តួលេខនេះបើប្រៀបធៀបរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៦កន្លងទៅ មានការកើនឡើង១០ករណី ខណៈចំនួនអ្នកស្លាប់ និងរបួសកើនឡើងដល់៣១នាក់។ ក្នុងរបាយការណ៍បូកសរុបគ្រោះថ្នាក់ចរាចរណ៍អំឡុងបុណ្យភ្ជុំបិណ្ឌ៣ថ្ងៃចុងក្រោយ នេះឃើញថា បានកើតឡើងនៅចន្លោះពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧ ក្រៅពីមានមនុស្សស្លាប់និងរបួសដូចខាងលើ ក៏នៅមានខូចខាតយានយន្តជាច្រើនដូចជាម៉ូតូខូច៧៣គ្រឿង រថយន្តតូច២២គ្រឿង រថយន្តធំ១គ្រឿងនិង យានយន្តផ្សេងៗ១គ្រឿង។
របាយការណ៍ដដែលបន្តថា កត្តាដែលនាំឲ្យកើនមានគ្រោះថ្នាក់ចរាចរណ៍រយៈពេល៣ថ្ងៃនេះ ដោយសារបើកបរក្នុង ល្បឿនលឿន១៣លើក, ស្រវឹង៨លើក, ប្រជែង ៥លើក, មិនគោរពសិទ្ធិ៩លើក, មិនប្រកាន់ស្តាំ៧លើក, បត់គ្រោះថ្នាក់៩លើក និងកត្តាយានយន្ត១លើក។
ក្នុងនោះដែររបាយការណ៍បានបង្ហាញថានៅ ខេត្តព្រៃវែង កើតមានគ្រោះថ្នាក់ចរាចរណ៍៤លើក ស្លាប់៧នាក់ របួស៦នាក់, កំពង់ស្ពឺ កើតឡើង២លើក ស្លាប់៤នាក់, កណ្តាល កើតឡើង៤លើក ស្លាប់៤នាក់, កំពង់ចាម កើតឡើង៦លើក ស្លាប់៣នាក់ របួស៧នាក់, កំពង់ធំ កើតឡើង៣លើក ស្លាប់២នាក់ របួស៣នាក់, តាកែវ កើតឡើង៣លើក ស្លាប់ម្នាក់ របួស៦នាក់ និងខេត្តព្រះសីហនុ កើតចំនួន២លើក ស្លាប់១នាក់ របួស៣នាក់៕អូន ធួក
