

ភ្នំពេញៈនារីម្នាក់ជិះម៉ូតូទើបតែចុះពីម៉ូតូកង់បីដើរប្រុងចូលមកគុកទួលស្លែងស្រាប់តែត្រូវជនសង្ស័យ២នាក់ធ្វើសកម្មភាពឆក់ការបូបបានសម្រេច រត់មិនរួចម្នាក់ចំណែកម្នាក់ទៀតត្រូវសមត្ថកិច្ចប៉ុស្តិ៍បឹងកេងកង៣ធ្វើឃាត់ខ្លួន។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃទី ២២ខែវិច្ឆិកា ឆ្នាំ២០១៦ នៅ តាមផ្លូវលេខ១៤៣កែង៣៥០សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ ប៉ែង សត្យា ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅម្ដុំសង្កាត់អូរឬស្សី៣ ខណ្ឌ៧មករា។ ចំណែកជនរងគ្រោះមានឈ្មោះ ប៊ុន ជឿ ២០ឆ្នាំមុខរបរនិស្សិតស្នាក់នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។
តាមប្រភពពត៌មានពីនារីរងគ្រោះបានអោយដឹងថាមុនពេលកើតហេតុរូបខ្លួនទើបតែចេញមកពីផ្សារទួលទំពួងហើយបានហៅម៉ូតូកង់បីជិះមកនៅម្ដុំគុកទួលស្លែង ខណៈមកដល់កន្លែងកើតហេតុក៏បានចុះពីលើម៉ូតូកង់បីហើយបានដើរសំដៅទៅគុកទួលស្លែង ស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូម៉ាកនិចពណ៌សពាក់ស្លាកលេខភ្នំពេញ1FU.3318បានមកធ្វើសកម្មភាពឆក់ការបូបពីនារីជនជាតិបរទេសម្នាក់ហើយក៏ត្រូវនារីរងគ្រោះស្រែកអោយគេជួយទើបប្រជាពលរដ្នដេញចាប់បានភ្លាមៗ។ បន្ទាប់មកកម្លាំងនគរបាលមូលដ្ឋានដែលកំពុងល្បាតក៏បានដេញក្រោយ ធ្វើអោយជនសង្ស័យភ័យហើយបណ្ដោយអោយដួលទើបឃាត់ខ្លួនបានម្នាក់ចំណែកម្នាក់ទៀតរត់គេចខ្លួនបាត់សម្រោល។
ក្រោយពេលកើតហេតុនារីរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលបឹងកេងកង៣។
បច្ចុប្បន្នជនសង្ស័យរួចនិងម៉ូតូត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍បឹងកេងកង៣នាំមកឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីសួនាំចាត់ការតាមនីតិវិធី៕សិរសា