






ភ្នំពេញ៖ នគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនិង អាជ្ញាធរមូលដ្ឋាន បានចុះឃាត់ខ្លួន ជនជាតិវៀតណាម១៤នាក់ ដែលចូលមកស្នាក់ នៅដោយខុសច្បាប់នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧ស្ថិតក្រោមការសម្របសម្រួល ពីព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ។
លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានប្រាប់ឲ្យដឹងថា ប្រតិបត្តិការធ្វើឡើងនៅហាងកាហ្វេ តាមបណ្តោយផ្លូវលេខ៣៦៩ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ដោយបានត្រួតពិនិត្យឃើញមាន ជនជាតិវៀតណាម១៤នាក់ បានលួចស្នាក់នៅដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន គ្មានប័ណ្ណការងារ និងប្រើប្រាស់ឯកសារមិនត្រឹមត្រូវនោះទេ ។
លោកឧត្តមសេនីយ៍ឯកបន្តថា ក្រោយឃាត់ខ្លួនជនជាតិវៀតណាមទាំង១៤នាក់នេះរួចមក កម្លាំងរបស់លោក បានបញ្ជូនពួកគេទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារតាមនីតិវិធី និងរៀបចំបញ្ជូនទៅស្រុកកំណើតវិញ៕អូន ធួក