បុរជនជាតិណូវែលសេឡង់ស្រវឹងស្រាវាយបំបែកស្លាកប៉ាណូគណបក្សប្រជាជន ត្រូវឃាត់ខ្លួន

ភ្នំពេញៈ បុរជនជាតិណូវែលសេឡង់ម្នាក់មិនដឹងកើតរោគចិត្តឬអី ពេលដើរតាមផ្លូវសុខៗ ស្រាប់តែ ស្ទុះទៅវាយកញ្ចក់ប៉ាណូផ្សព្វផ្សាយរបស់គណបក្សប្រជាជនកម្ពុជា នៅមុខមន្ទីរគណបក្ស​ខណ្ឌដូនពេញ រួចក៏រត់សំដៅចូលក្នុងផ្ទះសំណាក់មួយនៅខាងជើងសាលារាជធានីភ្នំពេញ ហើយត្រូវបានកម្លាំងអាជ្ញាធរមូលដ្ឋានតាមឃាត់ខ្លួនទាល់តែបាន ។

ហេតុការណ៍នេះកើតឡើងកាលពីវេលា ម៉ោង៨និង៣០នាទី យប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧ នៅមុខមន្ទីរគណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញ តាមបណ្តោយផ្លូវលេខ៩០ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសជន ជាតិណូវែលសេឡង់ម្នាក មានវ័យជាង៤០ឆ្នាំ បានធ្វើដំណើរដោយថ្មើរជើងតាមផ្លូវលេខ៩០ ពីកើត ទៅលិចដោយនិយាយតែម្នាក់ឯងមិនដឹងជានិយាយរឿងអីខ្លះនោះទេ។ លុះដើរមកដល់មុខ មន្ទីរគណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញ ស្រាប់តែស្ទុះទៅវាយកញ្ចក់ប៉ាណូផ្សព្វផ្សាយ​របស់គណបក្សប្រជាជនកម្ពុជា បែកខ្ចាយនិងបណ្តាលឲ្យរងរបួសដៃ រួចឡើងទៅសម្ងំនៅជាន់ ទី៣ ក្នុងសណ្ឋាគារមួយនៅខាងជើងសាលារាជធានីភ្នំពេញ ធ្វើព្រងើយហាក់ដូចជាមិនមាន​រឿងអីកើតឡើង ។

ប្រភពដដែលបានឲ្យដឹងទៀតថា ក្រោយបង្កការភ្ញាក់ផ្អើលនេះមក កម្លាំងគណៈ​បញ្ជាការ​ឯកភាពខណ្ឌដូនពេញ ក្រោមកាបញ្ជាផ្ទាល់ពីលោក សុខ ពេញវុធ អភិបាលខណ្ឌ បានចុះទៅដល់ផ្ទះសំណាក់នោះរួចបានឃើញជនជាតិណ័រវេសរូបនោះដែលកំពុងសម្ងំនៅក្នុងបន្ទប់លេខ៣៣៣ ឲ្យចុះមកក្រោម ដើម្បីជិះរថយន្តទៅមន្ទីរពេទ្យដេរមុខរបួស។​ បន្ទាប់មក បុរសជនបរទេសនោះ ក៏បានឡើងរថយន្តគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ជិះទៅ​មណ្ឌលសុខភាពខណ្ឌដូនពេញ តាមកាស្នើសុំរបស់អាជ្ញាធរ។

ក្រោយដេរមុខរបួសរួចរាល់ហើយ សមត្ថកិច្ចបានដឹកចេញពីមណ្ឌលសុខភាពខណ្ឌដូនពេញ ឆ្ពោះទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីសាកសួរ ទើបដឹងថាបុរសជនជាតិបរទេស រូបនេះស្រវឹង ៕អូន ធួក

Leave a Reply

Your email address will not be published. Required fields are marked *