ស្ថានីយប្រេងឥន្ធនៈពីរកន្លែងនៅខណ្ឌច្បារអំពៅត្រូវសមត្ថកិច្ចកាំកុងត្រូលរកឃើញថា លក់ប្រេងមិនគ្រប់ចំណុះនិងយកប្រេងធម្មតាធ្វើជាប្រេងស៊ុបពែរ

ភ្នំពេញ៖ មន្រ្តីជំនាញកាំកុងត្រូលនាព្រឹកថ្ងៃទី២៦ ខែកញ្ញា នេះបានរកឃើញស្ថានីយប្រេងឥន្ធនៈ ចំនួនពីរ​កន្លែងទៀត គឺស្ថានីយប្រេងតេលា (១៦៨) និងស្ថានីយប្រេងតេលា (សុខសាន) ស្ថិត​តាមបណ្តោយផ្លូវលេខ១១៤ ក្នុងខណ្ឌច្បាអំពៅ ថាលក់មិនគ្រប់ចំណុះតាមកុងទ័រ ហើយយក​ប្រេងធម្មតា ធ្វើជាប្រេងស៊ុបពែរថែមទៀតផង។

ការត្រួតពិនិត្យបរិមាណ និងគុណភាពប្រេងឥន្ធនៈនៅតាមស្ថានីយ និងដេប៉ូនេះដឹកនាំ​ដោយ​លោក មាន ចំណាប់ អនុប្រធាននាយកដ្ឋាន សហការជាមួយមន្រ្តីជំនាញរបស់មន្ទីរ​ពិសោធន៍ដែល  ធ្វើឡើង​ដោយ​ក្រុមត្រួតពិនិត្យប្រេងឥន្ធនៈ របស់អគ្គនាយកដ្ឋានកាំកុងត្រូល នៃ​ក្រសួងពាណិជ្ជកម្ម តាមរយៈរថយន្តមន្ទីរពិសោធន៍ប្រេងឥន្ធនៈចល័តក្នុងគោល​បំណង ការពារផលប្រយោជន៍ ​អ្នកប្រើប្រាស់យានជំនិះគ្រប់ប្រភេទ និងទប់ស្កាត់ការកែ្លង​​បន្លំផ្សេងៗ។

មន្ត្រីកាំកុងត្រូលបានឲ្យដឹងថា ការត្រួតពិនិត្យគុណភាព និងបរិមាណនេះ គឺផ្អែកទៅលើ​ឧបករណ៍ត្រួតពិនិត្យនៅនឹងកន្លែង ដូចជាធុងក្រឹតមានមាឌជាក់លាក់ សម្រាប់វាស់បរិមាណ​ប្រេងដែលបាញ់ចេញពីម៉ូទ័រ តាមទំហំផ្សេងខុសគ្នាមាន ចំណុះ​២លីត្រ ៥លីត្រ ១០លីត្រ និង២០លីត្រ ចំណែកសន្ទស្ស៍អុកតាន និងសេតានវិញ គឺប្រើឧបករណ៍ក្នុងរថយន្តមន្ទីរ​ពិសោធន៍ចល័ត​។ជាលទ្ធផល នៃការត្រួតពិនិត្យគុណភាព និងបរិមាណប្រេងឥន្ធនៈរបស់ដេប៉ូ​៣​កន្លែងនៅទីតាំងខាងលើនេះ គឺមាន​ដេប៉ូ LIM LONG ទេដែលមានអនុលោមភាពលើផ្នែករង្វាស់រង្វាល់ ចំណែកដេប៉ូ TELA (១៦៨) និង​TELA (សុខសាន) មានកង្វះបរិមាណប្រេងមិនត្រឹមត្រូវ តាមបទដ្ឋានរង្វាស់រង្វាល់ឡើយ។ និងបានលក់ប្រេងធម្មតា ​ជាប្រេងស៊ុបពែរ​ ។

​          យ៉ាងណាក្រុមមន្ត្រីត្រួតពិនិត្យបានឲ្យម្ចាស់ដេប៉ូធ្វើកិច្ចសន្យាកែតម្រូវម៉ាស៊ីនលក់ប្រេង តាមការធ្វើព្យាសកម្មឲ្យបានត្រឹមត្រូវឡើងវិញ នៅមជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ របស់​ក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងបានណែនាំឲ្យម្ចាស់ស្ថានីយលក់សាំងស៊ុបពែរ ដែលមានសន្ទស្សន៍អុកតាន 95 ពិតបា្រកដ ហើយដេប៉ូទាំង៣ខាងលើ គឺបានដាក់លក់ប្រេង ឥន្ធនៈត្រឹមត្រូវ ទៅតាមសេចក្តីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម ។

​លោក មាន ចំណាប់ បានបញ្ជាក់​ថា ក្រុមការងារត្រួតពិនិត្យប្រេងឥន្ធនៈ របស់អគ្គនាយកដ្ឋាន​កាំកុងត្រូល នឹងបន្តធើ្វការត្រួតពិនិត្យ ឲ្យបានគ្រប់ស្ថានីយទាំងអស់ទូទាំងប្រទេសកម្ពុជា តាមលទ្ធភាពដែលអាចធើ្វបាន ហើយក៏បានអំពាវនាវដល់ម្ចាស់ស្ថានីយប្រេងឥន្ធនៈ ចូលរួម​សហការជាមួយក្រុមការងារចុះត្រួតពិនិត្យ របស់អគ្គនាយកដ្ឋានកាំកុងត្រូល ក្នុងកិច្ចការពារ អ្នកប្រើប្រាស់តាមផ្លូវច្បាប់។

លោក​បន្ថែមថា អ្នកប្រើប្រាស់យានជំនិះទាំងអស់ ត្រូវពិចារណាជាមុន ក្នុងការជ្រើសរើស​ស្ថានីយប្រេងឥន្ធនៈ ដែលជាក្រុមហ៊ុនទុកចិត្ត ប្រើប្រាស់ឧបករណ៍ថ្មីលក់ប្រេងសាំងធម្មតា ឬស៊ុបពែរ និងម៉ាស៊ូតដែលមានគុណភាពល្អ ហើយគ្រប់ចំនួនលីត្រ ពិនិត្យមើលលេខកុងទ័រ នៅពីចំណុចសូន្យជានិច្ចមុនពេលចាក់ តាមដានដំណើរការ នៃលេខកុងទ័រដែលត្រូវ​ចាប់ផ្កើម​ជាមួយគ្នា នឹងម៉ាស៊ីនបាញ់ប្រេង រហូតដល់ចំនួនលីត្រចុងក្រោយ ដែលបានស្នើ​តាមដាន​សេចក្តីជូនដំណឹងពីតម្លៃប្រេងឥន្ធនៈ របស់ក្រសួងពាណិជ្ជកម្ម និងត្រូវប្រុងប្រយ័ត្ន សុវត្ថិភាព​ផ្នែកអគ្គីភ័យ ដោយពន្លត់ម៉ាស៊ីនយានជំនិះ ពេលចាក់ប្រេងក្នុងស្ថានីយនីមួយៗ។

ពាក់ព័ន្ធភាពមិនប្រក្រតីក្នុងការលក់ប្រេងឥន្ធនៈមិនត្រូវតាមស្តង់ដារនេះ នគរវត្ត មិនអាចសុំការបំភ្លឺពីម្ចាស់ស្ថានីយ៍ទាំងពីរកន្លែងបានទេ កាលពីម្សិលមិញនេះ ៕​ប្រសើរ

Leave a Reply

Your email address will not be published. Required fields are marked *